Show download pdf controls
  • របៀបដែលយើងខ្ញុំការពារដល់អាជីវកម្មស្មោះត្រង់

    ពាក្យ ‘សេដ្ឋកិច្ចផ្លូវងងឹត’ ឥឡូវនេះបានផ្លាស់ប្តូរទៅជា ‘សេដ្ឋកិច្ចស្រមោល’ វិញ។ ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងដើម្បីឆ្លុះបញ្ចាំងពីនិយមន័យរបស់ អង្គការសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) អំពីសកម្មភាពសេដ្ឋកិច្ចដែលមិនបានរាយការណ៍ ឬមិនស្មោះត្រង់។

    យើងខ្ញុំដឹងថា ម្ចាស់អាជីវកម្មភាគច្រើនជាមនុស្សស្មោះត្រង់ត្រឹមត្រូវ ហើយការដំណើរការ​អាជីវកម្ម​អាច​​ជាការលំបាក។

    ជាអកុសល មានអាជីវកម្មមួយចំនួនបានកេងចំណេញមិនត្រឹមត្រូវយុត្ដិធម៌​តាម​រយៈ​ការ​មិន​ធ្វើ​ទៅ​តាម​កាតព្វកិច្ចពន្ធដារ និងការបង់ប្រាក់សម្រាប់ចូលនិវត្ដន៍ (superannuation)។

    យើងខ្ញុំមានគោលបំណងដើម្បីការពារដល់បណ្ដាអាជីវកម្មស្មោះត្រង់ត្រឹមត្រូវពីការប្រកួតប្រជែង​មិន​យុត្ដិធម៌តាមរយៈការដោះស្រាយបញ្ហាសកម្មភាពសេដ្ឋកិច្ចផ្លូវងងឹត។

    សេដ្ឋកិច្ចផ្លូវងងឹតសំដៅទៅលើសកម្មភាពឧក្រិដ្ឋ និងមិនស្មោះត្រង់ដែលកើតឡើងនៅក្រៅប្រព័ន្ធ ឬ​ពាក់ព័ន្ធនឹងការធ្វើមិនត្រឹមត្រូវ ឬការបំពានប្រព័ន្ធពន្ធដារ និងប្រព័ន្ធច្បាប់។ ឧទាហរណ៍នៃសកម្មភាពសេដ្ឋកិច្ចផ្លូវងងឹតរួមមាន៖

    • មិនប្រកាសរាល់ប្រាក់ចំណូលទាំងអស់
    • រាយការណ៍លើសលុបនូវចំណាយផ្សេងៗដើម្បីបញ្ចុះការបង់ពន្ធដារ
    • ការទាមទារ (ក៏ការបង់ប្រាក់) លើការងារយកលុយសុទ្ធដើម្បីចៀសវាងកាតព្វកិច្ចផ្សេងៗ។
    • សកម្មភាពខុសច្បាប់ជាច្រើនទៀតដូចជា ថ្នាំជក់ខុសច្បាប់, ការធ្វើកិច្ចសន្យារការងារបន្លំ និង​ការ​ក្លែងបន្លំប្រើប្រាស់លេខពាណិជ្ជកម្មអូស្ដ្រាលី (ABN)។

    យើងខ្ញុំសហការជាមួយនឹងបណ្ដាសមាគមឧស្សាហកម្ម, អ្នកជំនាញធ្វើពន្ធដារ និងបណ្ដា​អាជីវកម្ម​ដើម្បីស្វែងយល់នូវបញ្ហាទាំងឡាយដែលពួកគេអាចជួបប្រទះ។

    យើងខ្ញុំប្រើទិន្នន័យភាគីទីបីដែលទាន់សម័យ និងការវិភាគហានិភ័យដើម្បីស្វែងរកអ្នក​ដែល​អាច​ធ្វើសកម្មភាពមិនត្រឹមត្រូវ ឬក៏ដើម្បីបានដឹងនូវបណ្ដាជនដែលអាចត្រូវការជំនួយបន្ថែម។

    អាស្រ័យទៅលើអ្វីដែលយើងស្វែងរកឃើញនៅពេលចុះទៅធ្វើទស្សនកិច្ច យើងអាចទាក់​ទង​ទៅ​បណ្ដាអាជីវកម្មនៅថ្ងៃខាងមុខដើម្បីធ្វើនូវអ្វីៗដែលត្រូវធ្វើបន្ដទៀត។

    សហគមន៍របស់យើងមិនអត់អោនចំពោះការប្រព្រឹត្ដិមិនយុត្ដិធម៌ឡើយ។ ប្រសិនបើលោក​អ្នក​ឃើញ​​នូវ​អ្វីមួយដែលមិនត្រឹមត្រូវ សូមប្រាប់យើងខ្ញុំឲ្យដឹង ដើម្បីយើងអាចតាមដាន។

    ចុះឈ្មោះទៅចូលរួមស្ដាប់ការផ្ដល់ព័ត៌មាន

    យើងខ្ញុំមានបើកដំណើរការវគ្គផ្ដល់ព័ត៌មាន និងចុះទៅធ្វើទស្សនកិច្ចតាម​អាជីវកម្ម​នានា​ទូទាំង​ប្រទេស ​ដើម្បីការពារដល់បណ្ដាអាជីវកម្មត្រឹមត្រូវ។

    ដើម្បីចុះឈ្មោះចូលរួមស្ដាប់ការផ្ដល់ព័ត៌មាន៖

    • ចូលទៅវ៉ិបសាយថ៍ EventbriteExternal Link
    • វាយស្វែងរកព្រឹត្ដិការណ៍ Protecting honest business

    ការចុះទៅធ្វើទស្សនកិច្ចរបស់យើងតាមបណ្ដា​អាជីវកម្ម

    នៅពេលយើងចុះទៅធ្វើទស្សនកិច្ច យើងនឹងនិយាយជាមួយបណ្ដាអាជីវកម្មទាំងនោះអំពី៖

    • ការរក្សាទុកកំណត់ត្រាឯកសារ និងឧបករណ៍បង់ប្រាក់, ការចុះបញ្ជីឈ្មោះ, ការមិន​ទាន់​បញ្ជូន​ឯកសារពន្ធដារ, បំណុលពន្ធដារ និងកាតព្វកិច្ចរបស់និយោជក ដូចជាការបង់ប្រាក់​ចូល​និវត្ដន៍​ដល់បុគ្គលិក។
    • របៀបកែតម្រូវកំហុសផ្សេងៗ
    • ផលប្រយោជន៍នៃការប្រើវិធីរក្សាកំណត់ត្រាអេឡិចត្រូនិច និងរបៀបបង់ប្រាក់ផ្សេងៗ
    • ឧបករណ៍ផ្សេងៗរបស់ ATO និងផលិតផលដទៃទៀតដែលមានជូនដែលអាចជួយដល់ពួក​គេ
    • ជំនួយដទៃផ្សេងទៀតដែលពួកគេអាចត្រូវការ។

    អាស្រ័យទៅលើលទ្ធផលនៃការស្វែងរកក្នុងអំឡុងពេលចុះទៅធ្វើទស្សនកិច្ច យើងខ្ញុំអាច​ទាក់ទង​ទៅ​បណ្ដាអាជីវកម្មនៅថ្ងៃអនាគតដើម្បីធ្វើនូវអ្វីៗដែលត្រូវធ្វើបន្ដទៀត។

    យើងខ្ញុំអាចទាក់ទងទៅពួកគេតាមរយៈការទូរសព្ទ, តាមលិខិត ឬក៏តាមការចុះធ្វើទស្សនកិច្ច​បន្ថែម​ទៀត ដែលអាចធ្វើឲ្យមានការពិនិត្យសើរើ ឬក៏ការធ្វើសវនកម្មបញ្ជី។

    ប្រសិនបើយើងខ្ញុំឃើញថា អាជីវកម្មណាមួយធ្វើខុសដោយចេតនាពិតប្រាកដនោះ យើងមាន​កាតព្វ​កិច្ច​ត្រូវធ្វើអ្វីមួយដើម្បីដោះស្រាយបញ្ហា។

    ប្រសិនបើលោកអ្នកមានអាជីវកម្ម ហើយលោកអ្នកធ្វើកិច្ចការត្រឹមត្រូវ លោកអ្នកមិនចាំបាច់​បារម្ភ​អ្វីទាំងអស់។

    ប្រសិនបើលោកអ្នកមានកំហុស

    ប្រសិនបើលោកអ្នកបានដឹងថា លោកអ្នកមានកំហុសឆ្គងណាមួយ ឬភ្លេចធ្វើអ្វីមួយ ជាការល្អដែល​លោក​អ្នកមករកយើងខ្ញុំជាមុនសិន។ គេអាចកាត់បន្ថយការផាកពិន័យ​ ជាឧទាហរណ៍ប្រសិន​បើ​លោកអ្នក៖

    • មិនបានប្រាប់យើងខ្ញុំអំពីប្រាក់ចំណូលដែលរកបាន ក្នុងនោះរួមមានការរកបានប្រាក់​សុទ្ធ
    • ទាមទារយកការកាត់បន្ថយចំនួនពន្ធដារនូវអ្វីដែលលោកអ្នកគ្មានសិទ្ធិទទួលបាន
    • បានផ្ដល់របាយការណ៍ណាមួយមកយើងខ្ញុំដែលមានកំហុស ឬក៏ផ្ដល់ព័ត៌មានមិនត្រឹមត្រូវ។

    ប្រសិនបើលោកអ្នកត្រូវការជំនួយនៅក្នុងការកែតម្រូវកំហុសណាមួយ លោកអ្នកអាច៖

    • ទាក់ទងទៅភ្នាក់ងារធ្វើរបាយការណ៍សកម្មភាព BAS ឬក៏ភ្នាក់ងារពន្ធដារដែលបានចុះបញ្ជីឈ្មោះ
    • ទូរសព្ទមកកាន់សេវាកម្មបកប្រែភាសារបស់យើងខ្ញុំដែលមិនគិតថ្លៃ 13 14 50

    កិច្ចការដែលបណ្ដាអាជីវកម្មត្រូវអនុវត្ដ

    បណ្ដាអាជីវកម្មត្រូវតែ៖

    • ប្រកាសប្រាប់ឲ្យដឹងនូវរាល់ប្រាក់ចំណូលទាំងអស់ដែលបានពីការលក់ រួមទាំងសាច់​ប្រាក់​សុទ្ធ, តាមអ៊ីនធើរណិត, តាម EFTPOS និងតាមកាតឥណទាន (credit card) និងកាតដក​ប្រាក់ (debit card)។
    • ដាក់ពាក្យធ្វើរបាយការណ៍ពន្ធដារ (tax returns)
    • បំពេញទៅតាមកាតព្វកិច្ចពន្ធដារ GST ដែលលោកអ្នកត្រូវអនុវត្ដ ដូចជាត្រូវចុះបញ្ជីឈ្មោះ​សម្រាប់​ពន្ធដារ GST និងការដាក់បញ្ជូនរបាយការណ៍សកម្មភាពពាណិជ្ជកម្ម (BAS)
    • បំពេញទៅតាមកាតព្វកិច្ចក្នុងនាមជានិយោជក ប្រសិនបើលោកអ្នកមានបុគ្គលិកធ្វើការ ដូច​ជា​ការបង់ប្រាក់ឈ្នួលឲ្យពួកគេយ៉ាងហោចណាស់តាមច្បាប់កំណត់ (award rates) និងបង់ប្រាក់​សម្រាប់ចូលនិវត្ដន៍ (super) ឲ្យពួកគេ
    • អនុវត្ដការរក្សាកំណត់ត្រាឯកសារឲ្យបានល្អប្រសើរ - កំណត់ត្រាឯកសារទាំង​នោះ​ត្រូវតែ​ពន្យល់​នូវរាល់សកម្មភាពអាជីវកម្ម ទោះជាឯកសារសរសេរ ឬជាភាសាអង់គ្លេស ហើយត្រូវ​រក្សា​ទុកឯកសារទាំងនោះយ៉ាងតិច៥ឆ្នាំ។

    រាយការណ៍ផ្ដល់ដំណឹងស្ងាត់ៗ

    ប្រសិនបើមានជនណាម្នាក់ដែលលោកអ្នកគិតថា បានធ្វើខុសដោយចេតនា លោកអ្នកអាច​រាយការណ៍​ប្រាប់មកយើងខ្ញុំជាសម្ងាត់។

    សូមព្យាយាមផ្ដល់ព័ត៌មានឲ្យបានច្រើនតាមអាចធ្វើទៅបាន ដើម្បីឲ្យពួកយើង​អាចធ្វើការ​វាយ​តម្លៃព័ត៌មានទាំងនោះពេញលេញ។ លោកអ្នកអាចលួចផ្ដល់ដំណឹងស្ងាត់ៗបានតាមរយៈការទូរសព្ទទៅសេវាកម្មបកប្រែភាសាតាម​រយៈ​លេខ 13 14 50

    ព័ត៌មានបន្ថែមទៀតដែលមានជាភាសាអង់គ្លេសមានជូន​នៅ ការការពារដល់អាជីវកម្ម​ស្មោះ​ត្រង់ (Protecting honest business)

      Last modified: 23 Jul 2019QC 52621