ពន្ធ និងប្រាក់សោធននិវត្តន៍នៅប្រទេសអូស្ត្រាលី៖ អ្វីដែលអ្នកត្រូវយល់ដឹង
សូមស្វាគមន៍មកកាន់វ៉ិបសាយថ៍របស់ការិយាល័យពន្ធអូស្ត្រាលី (ATO)។ តួនាទីរបស់យើងគឺគ្រប់គ្រងប្រព័ន្ធពន្ធនិងប្រាក់សោធននិវត្តន៍ (super)។
ATO គឺជាទីភ្នាក់ងារប្រមូលប្រាក់ចំណូលចម្បងរបស់រដ្ឋាភិបាលអូស្ត្រាលី។ ពន្ធបង់ថ្លៃសេវានានានិងហេដ្ឋារចនាសម្ព័ន្ធដូចជាសេវាដឹកជញ្ជូននិងសុខាភិបាល។ នេះផ្តល់ផលប្រយោជន៍ដល់ជនជាតិអូស្ត្រាលីទាំងអស់។
យើងចង់ធ្វើអោយពន្ធនិងប្រាក់សោធននិវត្តន៍មានលក្ខណៈ ងាយស្រួលដែលអាចធ្វើទៅបាន។
នៅក្នុងវ៉ិបសាយថ៍របស់យើងអ្នកនឹងរកឃើញព័ត៌មានអំពី៖
- របៀបដំណើរការនៃប្រព័ន្ធពន្ធនិងប្រាក់សោធននិវត្តន៍នៅអូស្ត្រាលី
- ការសិក្សា (សម្រាប់សិស្សបរទេស)
- ការធ្វើលេខបញ្ជីពន្ធ (TFN) និងការចាប់ផ្តើមការងារដំបូង
- ពន្ធនិងប្រាក់សោធននិវត្តន៍សម្រាប់អ្នកដែលចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ
- ការធ្វើការទូទាត់ពន្ធដំបូងរបស់អ្នក
- ការកើននិងតាមដានប្រាក់សោធននិវត្តន៍របស់អ្នកសម្រាប់ការចូលនិវត្តន៍។
ពេញចិត្តចង់ស្ដាប់ឬ? ចុចដើម្បីស្ដាប់ជា ភាសាខ្មែរ
សូមមើល សទ្ទានុក្រម របស់យើងស្តីពីពាក្យពន្ធនិងប្រាក់សោធននិវត្តន៍។
ប្រសិនបើអ្នកមិនយល់ព័ត៌មាននេះអ្នកអាចនិយាយជាមួយភ្នាក់ងារពន្ធឬក៏ ទាក់ទងមកយើងផ្ទាល់។
ពន្ធ៖របៀបដំណើរការនៃពន្ធនិងមូលហេតុដែលយើងបង់ពន្ធ
តើអ្វីទៅជាពន្ធ?
ពន្ធគឺជាប្រាក់ដែលយើងប្រមូលក្នុងនាមរដ្ឋាភិបាល។ អ្នកអាចត្រូវការបង់ពន្ធប្រសិនបើអ្នកទទួលប្រាក់ចំណូលពី៖
- ការងារ
- ការទទួលប្រាក់និងប្រាក់ឧបត្ថម្ភពី Centrelink
- ការធ្វើអាជីវកម្ម
- ប្រភពផ្សេងៗទៀត(ដូចជាការប្រាក់ពីធនាគារ)។
ហេតុអ្វីបានជាយើងបង់ពន្ធ
ពន្ធដែលយើងប្រមូលបានជាប្រាក់បង់ថ្លៃសេវានានាដូចជា៖
- សុខភាព
- អប់រំ
- ការពារជាតិ
- ផ្លូវថ្នល់និងផ្លូវរថភ្លើង
- សន្តិសុខសង្គមនិងការបង់ប្រាក់ផ្សេងៗទៀតពី Centrelink ។
តើខ្ញុំបង់ពន្ធដោយរបៀបណា?
ប្រសិនបើអ្នកធ្វើការអោយនិយោជកពួកគេនឹងដកពន្ធពីប្រាក់កម្រៃឬក៏ប្រាក់ខែរបស់អ្នកហើយប្រគល់អោយមកយើង។
ប្រសិនបើអ្នកមានប្រាក់ចំណូលផ្សេងទៀតដូចជាប្រាក់ចំណូលពីអាជីវកម្មឬក៏ការប្រាក់ពីធនាគារអ្នកអាចត្រូវបង់ពន្ធអោយយើង។ ប្រសិនបើអ្នកត្រូវការជំនួយអ្នកអាចទាក់ទងមកយើងផ្ទាល់ឬក៏ភ្នាក់ងារពន្ធដែលមានចុះបញ្ជីត្រឹមត្រូវ។
មនុស្សភាគច្រើនបំផុតត្រូវការធ្វើការទូទាត់ពន្ធរាល់ឆ្នាំដើម្បីប្រាប់យើងអំពីចំនួន៖
- ប្រាក់ចំណូលដែលពួកគេរកបាន
- ពន្ធដែលពួកគេបានបង់។
យើងប្រើប្រាស់ព័ត៌មាននេះដើម្បីគណនាថាតើអ្នកបានបង់ពន្ធតាមចំនួនត្រឹមត្រូវសម្រាប់មួយឆ្នាំឬទេ។
ពេញចិត្តចង់ស្ដាប់ឬ?
ការសិក្សានៅអូស្ត្រាលី
ប្រសិនបើអ្នកកំពុងសិក្សានៅអូស្ត្រាលីរយៈពេល៦ខែឬក៏វែងជាងនេះអ្នកអាចចាត់ថាជាអ្នករស់នៅក្នុងប្រទេសត្រូវបង់ពន្ធ(ភាពរស់នៅក្នុងប្រទេសត្រូវបង់ពន្ធ)។ នេះមានលក្ខណៈខុសគ្នាទៅនឹងអ្នករស់នៅក្នុងប្រទេសម្រាប់គោលបំណងទេសន្តរប្រវេសន៍។
ការក្លាយជាអ្នករស់នៅក្នុងប្រទេសត្រូវបង់ពន្ធមានន័យថា៖
- អត្រាពន្ធលើប្រាក់ចំណូលរបស់អ្នកគឺដូចគ្នានឹងជនជាតិអូស្ត្រាលីអញ្ចឹងដែរ។ ជាទូទៅអត្រានេះទាបជាងអត្រាពន្ធសម្រាប់ជនបរទេស។
- អ្នកមានសិទ្ធិទទួលបានផលប្រយោជន៍ពីប្រព័ន្ធពន្ធអូស្ត្រាលីដូចជា៖
- កម្រិតប្រាក់ចំណូលរួចពន្ធ
- ប្រាក់ប៉ះប៉ូវពន្ធ
ពេញចិត្តចង់ស្ដាប់ឬ?
ក៏សូមអានផងដែរនូវ៖
ការចាប់ផ្តើមការងារដំបូងរបស់អ្នក
មុនពេលអ្នកចាប់ផ្តើមធ្វើការ
ធ្វើលេខបញ្ជីពន្ធ
លេខបញ្ជីពន្ធ (TFN) របស់អ្នកគឺជាលេខយោងផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ប្រព័ន្ធពន្ធរបស់យើង។ អ្នកគួរដាក់ពាក្យសុំ TFN របស់អ្នកមុនពេលអ្នកចាប់ផ្តើមការងារឬក៏បន្ទាប់ពីធ្វើការភ្លាម។ ប្រសិនបើអ្នកមិនមាន TFN ដើម្បីផ្តល់ជូននិយោជករបស់អ្នកទេអ្នកនឹងត្រូវបង់ពន្ធច្រើនជាងធម្មតា។
អ្នក មិនបង់ថ្លៃទេ សម្រាប់ធ្វើ TFN។
ជំហានបន្ទាប់៖
រក្សា TFN របស់អ្នកអោយមានសុវត្ថិភាព
អ្នករក្សា TFN ដដែលសម្រាប់មួយជីវិតរបស់អ្នកទោះបីអ្នកប្តូរឈ្មោះរបស់អ្នកឬក៏ផ្លាស់លំនៅទៅរស់នៅរដ្ឋផ្សេងឬក៏បរទេសក៏ដោយ។
កុំអោយអ្នកណាម្នាក់ប្រើប្រាស់ TFN របស់អ្នកអោយសោះ -ទោះជាមិត្តភក្តិឬក៏សាច់ញាតិក៏ដោយ។
មិនត្រូវផ្តល់ TFN របស់អ្នកនៅក្នុងពាក្យសុំការងារធ្វើឬក៏នៅលើអ៊ិនថឹណិតជាដាច់ខាត។ អ្នកគួរផ្តល់ TFN របស់អ្នកទៅអោយតែនិយោជករបស់អ្នកប៉ុណ្ណោះបន្ទាប់ពីចាប់ផ្តើមធ្វើការអោយពួកគេ។
ពេញចិត្តចង់ស្ដាប់ឬ?
ក៏សូមអានផងដែរនូវ៖
នៅពេលអ្នកចាប់ផ្តើមធ្វើការ
បំពេញសេចក្តីប្រកាសលេខបញ្ជីពន្ធ
និយោជករបស់អ្នកនឹងសុំអោយអ្នកបំពេញទម្រង់សេចក្តីប្រកាសលេខបញ្ជីពន្ធ ដើម្បីប្រាប់ពួកគេអំពីព័ត៌មានផ្ទាល់ខ្លួននិង TFNរបស់អ្នក។
និយោជករបស់អ្នកប្រើប្រាស់សេចក្តីប្រកាសនេះដើម្បីគណនាចំនួនពន្ធដែលអ្នកត្រូវបង់។
អ្នកមានរយៈពេល២៨ថ្ងៃដើម្បីផ្តល់សេចក្តីប្រកាសនេះជូននិយោជករបស់អ្នក។ ប្រសិនបើអ្នកមិនផ្តល់ទេពួកគេនឹងត្រូវដកពន្ធច្រើនជាងធម្មតាពីប្រាក់បៀវត្សរបស់អ្នក។
តើអ្នកនឹងត្រូវបង់ពន្ធប៉ុន្មាន?
និយោជករបស់អ្នកនឹងដកពន្ធពីប្រាក់បៀវត្សរបស់អ្នកហើយនិងបញ្ជូនវាមកយើង។ នេះមិនហៅថា ‘ការដកហូតប្រាក់ពន្ឋតាមចំនួនប្រាក់ចំណូលដែលអ្នករកបាន’។
ចំនួនពន្ធដែលអ្នកបង់គឺអាស្រ័យទៅលើ៖
- ថាតើអ្នកជាអ្នករស់នៅក្នុងប្រទេសអូស្ត្រាលីសម្រាប់គោលបំណងបង់ពន្ធឬទេ
- ថាតើអ្នករកប្រាក់ចំណូលបានប៉ុន្មាន
- ថាតើអ្នកមានលេខបញ្ជីពន្ធ (TFN)ឬក៏ឥត។
ប្រាក់សោធននិវត្តន៍
ប្រាក់សោធននិវត្តន៍ឬក៏ 'super'គឺជាផ្នែកមួយនៃប្រាក់ចំណូលដែលនិយោជករបស់អ្នកបង់ចូលទៅមូលនិធិប្រាក់សោធននិវត្តន៍។ ប្រាក់សោធននិវត្តន៍របស់អ្នកកើនឡើងក្នុងជីវិតការងាររបស់អ្នក។ អ្នកប្រើប្រាស់ប្រាក់សោធននិវត្តន៍របស់អ្នកដើម្បីចិញ្ចឹមជីវិតនៅពេលអ្នកចូលនិវត្តពីការងារ។
ស្វែងរកបន្ថែម៖
ការទទួលប្រាក់កម្រៃជាសាច់ប្រាក់
និយោជកមួយចំនួនចង់បង់ប្រាក់បៀវត្សដល់អ្នកជាសាច់ប្រាក់ជាងបង់ចូលទៅគណនីធនាគាររបស់អ្នក។ ការធ្វើបែបនេះមិនមានបញ្ហាអ្វីទេប្រសិនបើ៖
- ដកចំនួនពន្ធត្រឹមត្រូវពីប្រាក់បៀវត្សរបស់អ្នកហើយផ្តល់វាមកយើង
- ផ្តល់ដល់អ្នកនូវប័ណ្ណបើកប្រាក់បៀវត្សដោយបង្ហាញថាតើអ្នកបានបង់ពន្ធប៉ុន្មាន
- បង់ចំនួនប្រាក់សោធននិវត្តន៍ត្រឹមត្រូវចូលទៅមូលនិធិប្រាក់សោធននិវត្តន៍របស់អ្នក។
ប្រសិនបើពួកគេមិនធ្វើកិច្ចការទាំងនេះអ្នកអាចទទួលបានប្រាក់បៀវត្សនិងប្រាក់សោធននិវត្តន៍តិចជាងចំនួនដែលអ្នកគួរទទួលបាន។
ពេញចិត្តចង់ស្ដាប់ឬ?
ស្វែងរកបន្ថែម៖
និយោជិកឬអ្នកម៉ៅការ
ការក្លាយជានិយោជិកគឺមានលក្ខណៈខុសគ្នាពីអ្នកម៉ៅការ។
អ្នកជា និយោជិក ប្រសិនបើអ្នកកំពុងធ្វើការនៅក្នុងអាជីវកម្មរបស់មនុស្សម្នាក់ទៀត។
អ្នកជា អ្នកម៉ៅការ ប្រសិនបើអ្នកធ្វើការអោយខ្លួនឯងហើយកំពុងធ្វើអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក។
និយោជកខ្លះអាចចាត់ទុកអ្នកខុសថាជាអ្នកម៉ៅការឬក៏លើកទឹកចិត្តអ្នកអោយរកលេខអាជីវកម្មអូស្ត្រាលី(ABN)ដើម្បីព្យាយាមនិងគេចពីទំនួលខុសត្រូវរបស់ពួកគេ។
មានតែអ្នកដែលធ្វើអាជីវកម្មទេដែលត្រូវការ ABN ។ ប្រសិនបើនិយោជករបស់អ្នកបង់ប្រាក់កម្រៃជូនអ្នកខុសជាអ្នកម៉ៅការអ្នកអាចបាត់បង់ផលប្រយោជន៍ផ្សេងៗដូចខាងក្រោម៖
- ការឈប់សម្រាកពេលមានជំងឺ
- ប្រាក់កម្រៃនៅថ្ងៃឈប់សម្រាក
- ប្រាក់សោធននិវត្តន៍
- ការធានារ៉ាប់រងការងារ(ការធានារ៉ាប់រង)
ស្វែងរកបន្ថែម៖
សិទ្ធិនិងកាតព្វកិច្ចនៅកន្លែងធ្វើការ
ជនទាំងអស់ដែលធ្វើការនៅក្នុងប្រទេសអូស្ត្រាលីមានសិទ្ធិនិងការការពារដូចគ្នានៅកន្លែងធ្វើការ។ អត្រាប្រាក់បៀវត្សអប្បបរមានិងលក្ខខណ្ឌកន្លែងធ្វើការត្រូវបានចែងដោយច្បាប់ប្រទេសអូស្ត្រាលី។
មន្ត្រីទទួលបណ្តឹងនិងស៊ើបអង្កេតរបស់ក្រសួងការងារប្រកដោយយុត្តិធម៌ (Fair Work Ombudsman) អាចផ្តល់ព័ត៌មាននិងដំបូន្មានស្តីពីសិទ្ធិនិងកាតព្វកិច្ចនៅកន្លែងធ្វើការរបស់អ្នក។ ពួកគេមានព័ត៌មាននេះជាភាសាផ្សេងៗ។
ពេញចិត្តចង់ស្ដាប់ឬ?
ក៏សូមអានផងដែរនូវ៖
ការចាប់ផ្តើមធ្វើអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក
ជាធម្មតាការរកប្រាក់បានពីអាជីវកម្មមានន័យថាអ្នកនឹងត្រូវបង់ពន្ធ។
អ្នកអាចមានសិទ្ធិទាមទារប្រាក់កាត់បន្ថយខ្លះសម្រាប់ការចំណាយសម្រាប់អាជីវកម្មដើម្បីបន្ថយពន្ធរបស់អ្នក។
ប្រសិនបើអ្នកជួលបុគ្គលិកអោយធ្វើការសម្រាប់អ្នកនៅក្នុងអាជីវកម្មរបស់អ្នកអ្នកត្រូវបង់ពន្ធនិងប្រាក់សោធននិវត្តន៍អោយពួកគេ។
ប្រសិនបើអ្នកមិនយល់ច្បាស់អំពីអ្វីដែលអ្នកត្រូវធ្វើសួរភ្នាក់ងារពន្ធដែលមានចុះបញ្ជីត្រឹមត្រូវឬក៏ ទាក់ទងមកយើងផ្ទាល់ ដើម្បីសុំជំនួយ។
ក៏សូមអានផងដែរនូវ៖
មុនពេលអ្នកចាប់ផ្តើមអាជីវកម្មរបស់អ្នក
អាជីវកម្មឬក៏ការងារកំសាន្ត
វាសំខាន់ដើម្បីដឹងថាតើសកម្មភាពរបស់អ្នកគឺជាអាជីវកម្មឬក៏ការងារកំសាន្ត។
‘ការងារកំសាន្ត’ មានន័យថាការងារអ្វីមួយដែលអ្នកធ្វើនៅពេលទំនេរសម្រាប់ការកំសាន្ត។ ប្រសិនបើអ្នកមានបំណងរកប្រាក់ចំណេញអ្នកកំពុងប្រកបអាជីវកម្មហើយ។
ប្រសិនបើអ្នកកំពុងប្រកបអាជីវកម្មអ្នកមានកាតព្វកិច្ចតាមផ្លូវច្បាប់ដូចជា៖
- ការប្រាប់យើងអោយដឹងថាអ្នករកប្រាក់ចំណូលបានប៉ុន្មាន
- ការរក្សាកំណត់ត្រាសម្រាប់ការចំណាយដែលអ្នកចង់ទាមទារ។
ការជ្រើសរើសរចនាសម្ព័ន្ធអាជីវកម្មរបស់អ្នក
មានអាជីវកម្មចំនួនបួនប្រភេទនៅប្រទេសអូស្ត្រាលី –អាជីវករទោល ភាពជាដៃគូ ក្រុមហ៊ុន និងក្រុមហ៊ុនអាណត្តិ ព្យាបាលភាព
រចនាសម្ព័ន្ធនីមួយៗមានពន្ធនិងបែបផែនរាយការណ៍ខុសៗគ្នា។ ទាំងនេះធ្វើអោយមានការប្រែប្រួលដល់ចំនួនពន្ធដែលអ្នកបង់និងអ្វីដែលកើតឡើងប្រសិនបើអ្នកជំពាក់បំណុល។ អ្នកត្រូវការយល់ដឹងពីបទបញ្ញត្តិទាំងនេះមុនពេលអ្នកជ្រើសរើសរចនាសម្ព័ន្ធអាជីវកម្មរបស់អ្នក។
ពេញចិត្តចង់ស្ដាប់ឬ?
ក៏សូមអានផងដែរនូវ៖
ការចាប់ផ្តើមអាជីវកម្មរបស់អ្នក
ការចុះបញ្ជីអាជីវកម្មរបស់អ្នក
នៅពេលអ្នកចាប់ផ្តើមអាជីវកម្មអ្នកត្រូវធ្វើ៖
- លេខអាជីវកម្មនៅប្រទេសអូស្ត្រាលី (ABN)
- លេខបញ្ជីពន្ធ(TFN) –ប្រសិនបើអ្នកមិនទាន់មានទេ។
អាស្រ័យទៅលើចំនួនទឹកប្រាក់ដែលអ្នករកបាននិងថាតើអ្នកមាននិយោជិកឬក៏ឥតអ្នកក៏អាចត្រូវចុះបញ្ជីសម្រាប់៖
- ពន្ធលើទំនិញនិងសេវា(GST)
- ការដកពន្ធទុកទៅតាមចំនួនប្រាក់ចំណូលដែលអ្នករកបាន
- ពន្ធលើប្រាក់បំណាច់បន្ថែម
ការធ្វើលេខបញ្ជីពន្ធសម្រាប់អាជីវកម្មរបស់អ្នក
អាជីវកម្មទាំងអស់ត្រូវការលេខបញ្ជីពន្ធ (TFN)។
ប្រសិនបើអ្នកកំពុងប្រកបអាជីវកម្មរបស់អ្នកជាអាជីវករទោលអ្នកអាចប្រើលេខបញ្ជីពន្ធផ្ទាល់ខ្លួនរបស់អ្នកបាន។
សម្រាប់រចនាសម្ព័ន្ធអាជីវកម្មផ្សេងទៀតអ្នកត្រូវធ្វើលេខបញ្ជីពន្ធសម្រាប់អាជីវកម្មរបស់អ្នកនៅពេលអ្នកដាក់ពាក្យសុំលេខអាជីវកម្មនៅប្រទេសអូស្ត្រាលី(ABN)។
ការធ្វើលេខអាជីវកម្មនៅប្រទេសអូស្ត្រាលី (ABN)
លេខអាជីវកម្មនៅប្រទេសអូស្ត្រាលី (ABN)គឺជាលេខតែមួយគត់សម្រាប់អាជីវកម្មរបស់អ្នកដើម្បីប្រើប្រាស់នៅពេលទាក់ទងនឹងអាជីវកម្មផ្សេងទៀត រដ្ឋាភិបាលនិងការិយាល័យពន្ធដារ អូស្ត្រាលី(ATO)។
មិនមែនជនគ្រប់រូបត្រូវការ ABN នោះទេ។ អ្នកត្រូវការវាប្រសិនបើអ្នកកំពុងប្រកបអាជីវកម្មតែប៉ុណ្ណោះ។
អ្នកត្រូវដាក់ ABN នៅលើវិក្កយបត្ររបស់អ្នក។ ប្រសិនបើអ្នកមិនដាក់ទេអាជីវកម្មផ្សេងទៀតនឹងរក្សាទុកពន្ធច្រើនជាងធម្មតាពីការបង់ថ្លៃរបស់ពួកគេដល់អ្នកហើយបញ្ជូនពន្ធមកអោយយើង។
អ្នក មិនបង់ថ្លៃទេ ក្នុងការធ្វើ ABN។
ក៏សូមអានផងដែរនូវ៖
ការចុះបញ្ជីសម្រាប់ពន្ធលើទំនិញ និងសេវា(GST) ហើយនិង ពន្ធផ្សេងទៀត
អ្នកអាចត្រូវចុះបញ្ជីសម្រាប់ GST និងពន្ធផ្សេងទៀតអាស្រ័យទៅលើប្រភេទអាជីវកម្មដែលអ្នកកំពុងប្រកប។
ពេញចិត្តចង់ស្ដាប់ឬ?
ក៏សូមអានផងដែរនូវ៖
ការរាយការណ៍និងបង់ពន្ធ
ប្រសិនបើអ្នកធ្វើអាជីវកម្មអ្នកនឹងត្រូវបង់ពន្ធទៅលើប្រាក់ដែលអាជីវកម្មរបស់អ្នករកបាន។ ប្រភេទនៃការទូទាត់ពន្ធដែលអ្នកធ្វើគឺអាស្រ័យទៅលើរចនាសម្ព័ន្ធអាជីវកម្មរបស់អ្នក។ អ្នកក៏អាចត្រូវធ្វើសេចក្តីប្រកាសសកម្មភាពផងដែរ។
ការទូទាត់ពន្ធរបស់អ្នក
ការទូទាត់ពន្ធរបស់អ្នកប្រាប់យើងនូវ៖
- ចំនួនទឹកប្រាក់ដែលអាជីវកម្មរបស់អ្នកបានរកបាន
- ចំនួនពន្ធដែលអ្នកបានបង់។
អ្នកត្រូវធ្វើការទូទាត់ពន្ធរាល់ឆ្នាំ។
ប្រសិនបើអ្នកបានបង្កើតអាជីវកម្មរបស់អ្នកជាអាជីវករទោលអ្នកនឹងប្រើការទូទាត់ពន្ធផ្ទាល់ខ្លួនរបស់អ្នកដើម្បីផ្តល់ព័ត៌មាន ពន្ធលើអាជីវកម្មរបស់អ្នក។
ប្រសិនបើអ្នកបានបង្កើតអាជីវកម្មរបស់អ្នក ជាភាពជាដៃគូក្រុមហ៊ុនឬក៏ក្រុមហ៊ុនអាណត្តិព្យាបាលភាពអ្នកប្រើប្រភេទនៃការទូទាត់ពន្ធខុសពីនេះសម្រាប់តែអាជីវកម្មរបស់អ្នកទេ។
ក៏សូមអានផងដែរនូវ៖
សេចក្តីប្រកាសសកម្មភាព
សេចក្តីប្រកាសសកម្មភាពគឺខុសគ្នាពីការទូទាត់ពន្ធ។ អាជីវកម្មប្រើប្រាស់សេចក្តីប្រកាសសកម្មភាពដើម្បីរាយការណ៍និងបង់ពន្ធដូចជា៖
- ពន្ធលើទំនិញនិងសេវា(GST)
- ការបង់ពន្ធតាមដំណាក់កាលលើចំនួនប្រាក់ចំណូលដែលអ្នករកបាន(PAYG)។
ប្រសិនបើអ្នកចុះបញ្ជី សម្រាប់ GSTយើងនឹងបញ្ជូន ទៅអ្នកនូវ សេចក្តីប្រកាសសកម្មភាពអាជីវកម្ម (BAS)។ យើងបញ្ជូនទៅអាជីវកម្មភាគច្រើនបំផុតនូវ BAS របស់ពួកគេរាល់ត្រីមាស។
ប្រសិនបើអ្នក មិនចុះបញ្ជី សម្រាប់ GST យើងនឹងបញ្ជូនទៅអ្នកនូវ លិខិតជូនដំណឹងពីការបង់ពន្ធតាមដំណាក់កាល ជំនួសអោយ BAS។ យើងនឹងបញ្ជូនលិខិតនេះទៅអ្នកនៅឆ្នាំទីមួយនិងឆ្នាំទីពីរនៃការប្រកបអាជីវកម្ម។
ក៏សូមអានផងដែរនូវ៖
ការទាមទារប្រាក់កាត់បន្ថយនិងសម្បទាន
ប្រសិនបើអ្នកចំណាយប្រាក់ទៅលើការចំណាយសម្រាប់អាជីវកម្មរបស់អ្នកអ្នកអាចសុំការបញ្ចុះពន្ធ។ នេះមានន័យថាអ្នកបង់ពន្ធតិចជាង។
អាជីវកម្មខ្លះអាចមានសិទ្ធិទទួលសម្បទានពន្ធប្រាក់ប៉ះប៉ូវឬក៏ប្រាក់បង្វិលមកវិញ។
ពេញចិត្តចង់ស្ដាប់ឬ?
ក៏សូមអានផងដែរនូវ៖
ការបង់ប្រាក់បៀវត្សអោយបុគ្គលិក
ប្រសិនបើអាជីវកម្មរបស់អ្នកមាននិយោជិកឬក៏អ្នកម៉ៅការទោះជាពួកគេជាក្រុមគ្រួសារក៏ដោយគឺមានកិច្ចការបន្ថែមផ្សេងទៀតដែលអ្នកត្រូវធ្វើ។
ការបង់ប្រាក់បៀវត្សអោយនិយោជិក
សេចក្តីប្រកាស TFN
នៅថ្ងៃទីមួយដែលនិយោជិកចាប់ផ្តើមធ្វើការសម្រាប់អ្នកអ្នកត្រូវសុំអោយពួកគេបំពេញទម្រង់សេចក្តីប្រកាសលេខបញ្ជីពន្ធ។ ប្រសិនបើពួកគេមិនធ្វើទេអ្នកនឹងត្រូវដកពន្ធចេញពីប្រាក់បៀវត្សរបស់ពួកគេក្នុងអត្រាខ្ពស់បំផុតហើយបញ្ជូនវាមកយើង។
ក៏សូមអានផងដែរនូវ៖
ការដកពន្ធទុកទៅតាមចំនួនប្រាក់ចំណូលដែលអ្នករកបាន (PAYG)
នៅពេលអ្នកមាននិយោជិកអ្នកត្រូវដកពន្ធពីប្រាក់បៀវត្សរបស់ពួកគេហើយបញ្ជូនវាមកយើង។ នេះគេហៅថា ការដកពន្ធទុកទៅតាមចំនួនប្រាក់ចំណូល ដែលអ្នករកបាន (PAYG)។
ក៏សូមអានផងដែរនូវ៖
ការបង់ប្រាក់សោធននិវត្តន៍
នៅពេលអ្នកមាននិយោជិកអ្នកត្រូវបង់ប្រាក់បដិភាគនៃប្រាក់សោធននិវត្តន៍ (super) ទៅអោយនិយោជិកដែលមាន សិទ្ធិទទួល។ អ្នកផ្ញើប្រាក់នេះទៅកាន់មូលនិធិប្រាក់សោធននិវត្តន៍របស់ពួកគេ។ នេះគេហៅថា’ការធានាប្រាក់សោធននិវត្តន៍’។
ក៏សូមអានផងដែរនូវ៖
ប្រព័ន្ធតារាងប្រាក់បៀវត្សតែមួយ (STP)
ប្រព័ន្ធតារាងប្រាក់បៀវត្សតែមួយមានន័យថាអ្នកត្រូវប្រាប់យើងនូវព័ត៌មានតារាងប្រាក់បៀវត្សរបស់និយោជិករាល់ពេលដែលអ្នកបង់ប្រាក់បៀវត្សអោយពួកគេ។ អ្នកត្រូវរាយការណ៍៖
- ប្រាក់ខែឬក៏ប្រាក់កម្រៃដែលបានបង់
- ពន្ធដែលបានដកទុក
- ប្រាក់បដិភាគនៃប្រាក់សោធននិវត្តន៍
ពេលវេលាហើយនិងវិធីដែលអ្នករាយការណ៍គឺអាស្រ័យទៅលើចំនួននិយោជិកដែលអាជីវកម្មរបស់អ្នកមាន។
អ្នកអាចរកកម្មវិធីកុំព្យូទ័រសម្រាប់អាជីវកម្មពិសេសដែលនឹងជួយអ្នកក្នុងការរាយការណ៍ព័ត៌មាននេះមកយើង។ មានផលិតផលកម្មវិធីកុំព្យូទ័រដែលមានតម្លៃទាបនិងមិនគិតថ្លៃ។
ក៏សូមអានផងដែរនូវ ៖
ការបង់ប្រាក់បៀវត្សដល់អ្នកម៉ៅការ
ប្រសិនបើអ្នកជួលអ្នកម៉ៅការធ្វើការអោយអាជីវកម្មរបស់អ្នកមានបទបញ្ញត្តិស្តីពីពន្ធនិងប្រាក់សោធននិវត្តន៍ខុសគ្នាខ្លះ។ វាជាការសំខាន់ដើម្បីយល់ដឹងភាពខុសគ្នារវាងនិយោជិកនិងអ្នកម៉ៅការ។
ពេញចិត្តចង់ស្ដាប់ឬ?
ក៏សូមអានផងដែរនូវ៖
ការរក្សាកំណត់ត្រាអាជីវកម្ម
ការរក្សាកំណត់ត្រាគឺមានសារៈសំខាន់ដល់ការប្រកបអាជីវកម្មរបស់អ្នកអោយបានសមស្រប។ អ្នកត្រូវរក្សាកំណត់ត្រាខ្លះអោយយ៉ាងតិចចំនួនប្រាំឆ្នាំ។ ការរក្សាកំណត់ត្រាត្រឹមត្រូវក៏អាចជួយអ្នកក្នុងការ៖
- ដឹងពីអាជីវកម្មរបស់អ្នកមានដំណើរការយ៉ាងដូចម្តេច
- តាមដានប្រាក់ចំណូលនិងការចំណាយរបស់អ្នក
- បង្ហាញធនាគារឬក៏អ្នកផ្តល់ប្រាក់កម្ចីថាតើអាជីវកម្មរបស់អ្នកកំពុងមានដំណើការយ៉ាងដូចម្តេច។
ពេញចិត្តចង់ស្ដាប់ឬ?
ក៏សូមអានផងដែរនូវ៖
ការធ្វើការទូទាត់ពន្ធលើកដំបូងរបស់អ្នក
រាល់ឆ្នាំមនុស្សភាគច្រើនបំផុតត្រូវបំពេញការទូទាត់ពន្ធហើយផ្ញើវាមកយើង។ នៅក្នុងការទូទាត់ពន្ធរបស់អ្នកអ្នកប្រាប់យើងអំពីប្រាក់ចំណូលទាំងអស់និងប្រាក់កាត់បន្ថយសម្រាប់មួយឆ្នាំ។
យើងប្រើប្រាស់ព័ត៌មាននេះដើម្បីគណនាថាតើអ្នកត្រូវបង់ពន្ធបន្ថែមឬក៏អ្នកត្រូវបានប្រាក់មកវិញ(ការសងប្រាក់ពន្ធមកវិញ)។
ការទូទាត់ពន្ធគឺគ្រប់ដណ្តប់ឆ្នាំសារពើពន្ធដោយគិតពីថ្ងៃទី១ខែកក្កដារដល់ថ្ងៃទី៣០ខែមិថុនា។ ប្រសិនបើអ្នកកំពុងទូទាត់ពន្ធរបស់អ្នកអ្នកត្រូវការផ្ញើវាមកយើងអោយមានមុនថ្ងៃទី៣១ខែតុលា។
ប្រសិនបើអ្នកចង់បានជំនួយដោយមិនគិតថ្លៃក្នុងការបំពេញការទូទាត់ពន្ធរបស់អ្នកហើយអ្នកមានប្រាក់ចំណូលទាបអ្នកស្ម័គ្រចិត្តជួយធ្វើពន្ធដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវរបស់យើងអាចជួយអ្នកបាន។
ប្រសិនបើអ្នកកំពុងប្រើប្រាស់ភ្នាក់ងារពន្ធអ្នកត្រូវទាក់ទងពួកគេមុនថ្ងៃទី៣១ខែតុលា។ អ្នកគួរពិនិត្យមើលថាទីភ្នាក់ពន្ធរបស់អ្នកមានចុះបញ្ជីត្រឹមត្រូវឬទេ។
ពេញចិត្តចង់ស្ដាប់ឬ?
តើនរណាត្រូវដាក់ពាក្យរបាយការណ៍ពន្ធដារ?
បណ្ដាជនភាគច្រើនត្រូវបំពេញរបាយការណ៍ពន្ធដារ ហើយដាក់ពាក្យ (lodge) វាជាមួយនឹង ATO រាល់ឆ្នាំ។
ហេតុអ្វីបានជាខ្ញុំត្រូវតែដាក់ពាក្យរបាយការណ៍ពន្ធដារ?
ATO ត្រូវដឹងថាតើលោកអ្នករកប្រាក់បាន (ប្រាក់ចំណូល) ប៉ុន្មាននៅក្នុងអំឡុងពេលឆ្នាំសារពើពន្ធ ហើយនិងចំណាយកាត់បន្ថយចំណូល (deductions) ដែលលោកអ្នកអាចទាមទារវិញ។ ព័ត៌មាននេះប្រាប់ទៅពួកគេថាតើលោកអ្នកត្រូវបង់ពន្ធដារបន្ថែម (វិក្កយបត្រពន្ធដារ - a tax bill) ឬក៏លោកអ្នកត្រូវបានទទួលប្រាក់វិញ (ប្រាក់ពន្ធដែលរដ្ឋសងវិញ - a tax refund)។
ឆ្នាំសារពើពន្ធគឺពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែមិថុនា។
តើពេលណាខ្ញុំត្រូវដាក់ពាក្យរបាយការណ៍ពន្ធដាររបស់ខ្ញុំ?
ប្រសិនបើលោកអ្នកធ្វើរបាយការណ៍ពន្ធដារដោយខ្លួនឯង, លោកអ្នកត្រូវដាក់ពាក្យឲ្យបានមុនថ្ងៃទី៣១ ខែតុលា រៀងរាល់ឆ្នាំ។
ប្រសិនបើភ្នាក់ងារពន្ធដារដែលបានចុះបញ្ជីឈ្មោះជួយលោកអ្នក លោកអ្នកត្រូវចាប់ផ្ដើមធ្វើការជាមួយពួកគេមុនថ្ងៃទី៣១ ខែតុលា។
តើខ្ញុំដាក់ពាក្យរបាយការណ៍ពន្ធដារដោយរបៀបណា?
ប្រសិនបើលោកអ្នកធ្វើរបាយការណ៍ពន្ធដារដោយខ្លួនឯង លោកអ្នកអាចធ្វើការដាក់ពាក្យនៅលើអ៊ីនធើរណិតដោយប្រើ myTax។
ប្រសិនបើលោកអ្នកប្រើភ្នាក់ងារពន្ធដារដែលបានចុះបញ្ជីឈ្មោះ (registered tax agent) ដើម្បីដាក់ពាក្យរបាយការណ៍ លោកអ្នកគួរតែធ្វើការណាត់ជួបជាមួយនឹងពួកគេដើម្បីនិយាយពិគ្រោះ។
តើព័ត៌មានអ្វីខ្លះដែលខ្ញុំត្រូវការសម្រាប់ធ្វើរបាយការណ៍ពន្ធដាររបស់ខ្ញុំ?
លោកអ្នកនឹងត្រូវការ៖
- tax file number (TFN)
- ព័ត៌មានលម្អិតនៃគណនីធនាគាររបស់លោកអ្នក ក្នុងករណីដែលគេត្រូវផ្ទេរប្រាក់ទៅឲ្យលោកអ្នកវិញ
- ប្រាក់ចំណូល - ដើម្បីបញ្ជាក់នូវចំនួនប្រាក់ទាំងឡាយដែលលោកអ្នករកបាន
- របាយការណ៍ប្រាក់ចំណូលពីគ្រប់និយោជកទាំងអស់របស់លោកអ្នក
- របាយការណ៍ប្រាក់ចំណូលសង្ខេបពី Centrelink
- ប្រាក់ចំណាយកាត់បន្ថយប្រាក់ចំណូល (deductions) និងចំណាយផ្សេងៗ - ដើម្បីបញ្ជាក់នូវការកាត់បន្ថយចំណាយផ្សេងៗដែលលោកអ្នកទាមទារវិញ
- បង្កាន់ដៃសម្រាប់ចំណាយផ្សេងៗទាក់ទងនឹងការងារ, ការបរិច្ចាគ ឬអំណោយផ្សេងៗ
ប្រសិនបើលោកអ្នកដាក់ពាក្យរបាយការណ៍ពន្ធដាររបស់លោកអ្នកតាមអ៊ីនធើរណិតដោយប្រើ myTax លោកអ្នកនឹងត្រូវការលេខអត្ដសញ្ញាណអ្នកប្រើ (user ID) និងពាក្យសម្ងាត់ (password) គណនី myGov របស់លោកអ្នក។ ប្រសិនបើលោកអ្នកគ្មានគណនី myGov ទេនោះ លោកអ្នកអាចបង្កើតវាបាន ហើយភ្ជាប់ទៅនឹង ATO នៅឯ my.gov.auExternal Link (ជាភាសាអង់គ្លេស)។
បណ្ដានិយោជក, ធនាគារ និងអង្គការអាជីវកម្មដទៃទៀតផ្ដល់ឲ្យ ATO នូវព័ត៌មានលម្អិតអំពីបណ្ដាបុគ្គលិកនិយោជិតដែលពួកគេធ្វើការជាមួយ។ ប្រសិនបើលោកអ្នករង់ចាំដល់ចុងខែកក្កដា ATO ដាក់បញ្ចូលព័ត៌មានលម្អិតទាំងនេះនៅក្នុងរបាយការណ៍ពន្ធដារសម្រាប់លោកអ្នក។ ការធ្វើយ៉ាងនេះ ធ្វើឲ្យការដាក់ពាក្យរបាយការណ៍ពន្ធដាររបស់លោកអ្នកកាន់តែលឿន និងកាន់តែងាយស្រួល។
ពេញចិត្តចង់ស្ដាប់ឬ?
តើប្រាក់ចំណូលអ្វីខ្លះដែលខ្ញុំត្រូវបូកបញ្ចូល?
លោកអ្នកត្រូវតែបូកបញ្ចូលនូវរាល់ប្រាក់ចំណូលទាំងអស់ដែលលោកអ្នកទទួលបាននៅក្នុងអំឡុងឆ្នាំសារពើពន្ធ។ នេះមានន័យថា ប្រាក់ដែលលោកអ្នករកបានពីគ្រប់ការងារទាំងអស់ ដោយរួមទាំងពី៖
- ការងារពេញពេល (full time)
- ការងារមិនពេញពេល (part time)
- ការងារមិនជាប់លាប់ (casual) ឬកិច្ចការយូរៗម្ដង(odd jobs)
- ការងារធ្វើការឲ្យខ្លួនឯង (self-employment)
- ការងារបានលុយសុទ្ធ (cash jobs)។
លោកអ្នកក៏ត្រូវបូកបញ្ចូលផងដែរនូវប្រាក់ដែលរកបានតាមវិធីផ្សេងៗទៀត ដោយរួមមានពី៖
- ការប្រាក់ពីគណនីធនាគារនានា
- ប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល (ឧទាហរណ៍ពី Centrelink)
- ការមានអចលនទ្រព្យជួលឲ្យគេ
- ប្រាក់ចំណូលពីវិនយោគទុនបរទេស
- ប្រាក់ចំណេញតាមទីផ្សារភាគហ៊ុននានា។
ទោះជាលោកអ្នករកប្រាក់ចំណូលទាំងនោះដោយរបៀបណាក៏ដោយ ក៏ត្រូវចង់ចាំថា លោកអ្នកត្រូវបូកបញ្ចូលវានៅក្នុងរបាយការណ៍ពន្ធដាររបស់លោកអ្នក។
តើការចំណាយកាត់បន្ថយប្រាក់ចំណូលអ្វីខ្លះដែលខ្ញុំអាចទាមទារវិញ?
លោកអ្នកអាចទាមទារចំណាយកាត់បន្ថយប្រាក់ចំណូល (deductions) សម្រាប់ចំណាយខ្លះទាក់ទងនឹងការងាររបស់លោកអ្នក។ ចំណាយកាត់បន្ថយចំណូលទូទៅរួមមាន៖
- ចំណាយរថយន្ដ និងចំណាយការធ្វើដំណើរ
- សម្លៀកបំពាក់, បោកគក់ និងបោកអ៊ុតស្ងួត
- ចំណាយផ្សេងៗទាក់ទងនឹងការិយាល័យនៅផ្ទះ (home office)
- ចំណាយផ្សេងៗទាក់ទងនឹងការអប់រំបំប៉នចំណេះខ្លួនឯង
- ឧបករណ៍(tools) និងសម្ភារៈប្រើ(equipment)។
លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីចំណាយកាត់បន្ថយចំណូល (deductions) ដែលលោកអ្នកអាចទាមទារវិញនៅលើវ៉ិបសាយថ៍របស់ ATO នៅឯ Deductions you can claim (ជាភាសាអង់គ្លេស)។
លោកអ្នកត្រូវតែអាចបង្ហាញនូវបញ្ជីឯកសារ, ឧទាហរហ៍ បង្កាន់ដៃផ្សេងៗ សម្រាប់រាល់ចំណាយកាត់បន្ថយចំណូលដែលលោកអ្នកទាមទារវិញ។ លោកអ្នកត្រូវតែរក្សាទុកបញ្ជីឯកសារទាំងនេះសម្រាប់រយៈពេលយ៉ាងតិច៥ឆ្នាំ។ ATO អាចស្នើសុំឲ្យលោកអ្នកបង្ហាញនូវបញ្ជីឯកសារទាំងនេះបាននៅគ្រប់ពេលវេលា។
ពេញចិត្តចង់ស្ដាប់ឬ?
ប្រាក់សោធននិវត្តន៍៖ តើវាជាអ្វីហើយហេតុអ្វីបានជា វាមានសារៈសំខាន់
ប្រាក់សោធននិវត្តន៍ ឬក៏'super'គឺជាផ្នែកមួយនៃប្រាក់ចំណូលរបស់អ្នកដែលនិយោជករបស់អ្នកបង់ចូលទៅក្នុងមូលនិធិប្រាក់សោធននិវត្តន៍។ ប្រាក់សោធននិវត្តន៍របស់អ្នកកើនឡើងក្នុងជីវិតការងាររបស់អ្នក។ អ្នកប្រើប្រាក់សោធននិវត្តន៍របស់អ្នកសម្រាប់ជីវភាពរស់នៅនៅពេលអ្នកចូលនិវត្តពីការងារ។
ប្រាក់សោធននិវត្តន៍មានសារៈសំខាន់ពីព្រោះអ្នកសន្សំបានកាន់តែច្រើនអ្នកនឹងមានប្រាក់កាន់តែច្រើនសម្រាប់ចូលនិវត្តន៍របស់អ្នក។
មានកម្រិតអាយុសម្រាប់ពេលដែលអ្នកអាចបើកយកប្រាក់សោធននិវត្តន៍របស់អ្នកបាន។ សូមប្រុងប្រយ័ត្នប្រសិនបើអ្នកណាម្នាក់ស្នើផ្តល់ជំនួយដល់អ្នកដើម្បីដកប្រាក់សោធននិវត្តន៍របស់អ្នកមុនពេលកំណត់។ វាអាចខុសច្បាប់។
ប្រសិនបើអ្នកកំពុងធ្វើការនៅប្រទេសអូស្ត្រាលីដោយមានទិដ្ឋាការបណ្តោះអាសន្នហើយអ្នកទៅផ្ទះវិញអ្នកអាចបើកយកប្រាក់សោធននិវត្តន៍របស់អ្នកបាន។ នេះគេហៅថាការបង់ប្រាក់សោធននិវត្តន៍នៅពេកចាកចេញពីប្រទេសអូស្ត្រាលី(DASP)។
ពេញចិត្តចង់ស្ដាប់ឬ?
ក៏សូមអានផងដែរនូវ៖
រក្សាអោយមានសុវត្ថិភាពពីការបន្លំឆបោក
ការបន្លំឆបោកត្រូវបានរៀបចំឡើងដើម្បីបញ្ឆោតអ្នកអោយ៖
- បង់ប្រាក់ដែលអ្នកមិនបានជំពាក់
- ផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក (ដូចជា TFN របស់អ្នក)។
នេះគឺជាតំបូន្មានងាយៗដើម្បីជៀសវាងការបន្លំឆបោកបាន៖
- កុំដាក់លេខបញ្ជីពន្ធ(TFN)របស់អ្នកនៅលើប្រវត្តិរូបសង្ខេបរបស់អ្នក។ ផ្តល់វាទៅអោយតែនិយោជករបស់អ្នកប៉ុណ្ណោះបន្ទាប់ពីអ្នកបានចាប់ផ្តើមការងារ។
- កុំអោយមិត្តភក្តិឬក៏សមាជិកគ្រួសាររបស់អ្នកប្រើ TFN របស់អ្នក។
- កុំចែករំលែកលេខកូដសម្ងាត់របស់អ្នកតាមអនឡាញជាមួយអ្នកណាម្នាក់អោយសោះ។
- កុំដាក់បញ្ចូល TFN លេខកូដសម្ងាត់ឬក៏ព័ត៌មានរសើបរបស់អ្នកនៅក្នុងអ៊ីម៉េល។
- ប្រសិនបើអ្នកកំពុងប្រើប្រាស់ភ្នាក់ងារពន្ធសូមធ្វើអោយប្រាកដថាពួកគេមានចុះបញ្ជីត្រឹមត្រូវ។
ពេញចិត្តចង់ស្ដាប់ឬ?
ក៏សូមអានផងដែរនូវ៖
ការរកជំនួយ
ប្រសិនបើអ្នកត្រូវការជំនួយទាក់ទនងនឹងពន្ធឬក៏ប្រាក់សោធននិវត្តន៍របស់អ្នកសូមហៅទូរស័ព្ទមកយើងតាមលេខ៖
- 13 28 61 – សម្រាប់សំណួរផ្ទាល់ខ្លួន
- 13 28 66 – សម្រាប់សំណួរទាក់ទងនឹងអាជីវកម្ម
- 13 10 20 – សម្រាប់សំណួរទាក់ទងនឹងប្រាក់សោធននិវត្តន៍
ប្រសិនបើអ្នកចង់និយាយជាមួយយើងជាភាសាផ្សេងពីភាសាអង់គ្លេសសូមហៅទូរស័ព្ទមកយើងដោយប្រើសេវាបកប្រែតាមលេខ13 14 50។
យើងលើកទឹកចិត្តអ្នកអោយទាក់ទងយើងជាមុនដើម្បីអោយយើងអាចធ្វើការជាមួយអ្នក–វាមិនដែលយឺតពេលពេកក្នុងការសុំជំនួយពីយើងទេ។
តើអ្វីត្រូវរំពឹងនៅពេលអ្នកហៅទូរស័ព្ទមកយើង
អ្នកគួរមានលេខបញ្ជីពន្ធ(TFN)ឬក៏លេខអាជីវកម្មនៅអូស្ត្រាលី(ABN)របស់អ្នករួចរាល់នៅពេលអ្នកហៅទូរស័ព្ទ។
នៅពេលអ្នកនិយាយជាមួយអ្នកតំណាងសេវាអថិតិជនពួកគេអាចសួរអ្នកនូវសំណួរមួយចំនួនដើម្បីជួយកំណត់អត្តសញ្ញាណរបស់អ្នក។ នេះជួយការពារកំណត់ត្រាពន្ធផ្ទាល់ខ្លួនរបស់អ្នក។
យើងមិនអាចផ្តល់ដល់អ្នកនូវព័ត៌មានអំពីអ្នកណាផ្សេងទេទោះជាពួកគេជាក្រុមគ្រួសារក៏ដោយ។ ប្រសិនបើអ្នកកំពុងជួយមិត្តភក្តិឬក៏សមាជិកគ្រួសារពួកគេត្រូវនៅជាមួយអ្នកនៅពេលហៅទូរស័ព្ទលុះត្រាតែអ្នកត្រូវបានកត់ត្រាថាជា’អ្នកតំណាងស្របច្បាប់’របស់ពួកគេនៅក្នុងប្រព័ន្ធរបស់យើង។
ពេញចិត្តចង់ស្ដាប់ឬ?
ផ្តល់សិទ្ធិដោយរដ្ឋាភិបាលអូស្រ្តាលីទីក្រុងកង់បេរ៉ា។
Authorised by the Australian Government, Canberra.
Are you new to Australia? Here's all you need to know about tax and superannuation.