• ព័ត៌មាន​​​​សំខាន់​ទូទៅ​​​អំពី​ប្រាក់​សោធន​ចូលនិវត្ដន៍​របស់​អ្នក

    សេចក្ដី​ណែ​នាំ​ផ្ដល់​ព័ត៌មាន​សំខាន់​ទូទៅ​ថា​តើ​ប្រាក់​សោធន​ចូល​និវត្ដន៍​ជា​អ្វី, ​របៀប​សន្សំ​ប្រាក់​នេះ​​ និង​​ចំណាត់​ការ​ដែល​​លោក​អ្នក​អាច​ធ្វើ​បាន​ដើម្បី​បង្កើន​ចំនួន​​សាច់​ប្រាក់​។

    តើ​ប្រាក់​សោធន​ចូល​និវត្ដន៍​ជា​អ្វី​?

    ជា​ញឹក​ញាប់​គេ​ហៅ​ប្រាក់​សោធន​ចូល​និវត្ដន៍​​នេះ​ដោយ​ខ្លី​ថា​ប្រាក់​ Super ដែល​ជា​ប្រាក់​និយោជក​របស់​លោក​អ្នក​ទុក​​ឲ្យ​ដាច់​​ដោយ​ឡែក​​​​​នៅ​ក្នុង​អំឡុង​ពេល​នៃ​ជីវិត​ធ្វើការងារ​របស់​លោក​អ្នក​ ដើម្បី​​​ចិញ្ចឹម​ជីវិត​លោក​អ្នក​​នៅ​ពេល​ដែល​លោក​អ្នក​ឈប់​ធ្វើការ​ហើយ​​ចូល​និវត្ដន៍។

    ប្រាក់ Super នេះ​គឺ​មាន​សារសំខាន់​សម្រាប់​លោក​អ្នក​​ ពី​ព្រោះ​កាល​ណា​លោក​អ្នក​សន្សំ​ប្រាក់​នេះ​បាន​កាន់​តែ​ច្រើន​ នោះ​លោក​អ្នក​​ក៏​នឹង​មាន​ប្រាក់​កាន់​តែផង​​ច្រើន​ដែរ​សម្រាប់​ការ​ចូល​និវត្ដន៍​របស់​លោក​អ្នក។

    លោកអ្នក​អាច​ដក​យក​ប្រាក់​ Super នេះ​បាន​តែ​ក្នុង​កាលៈ​ទេសៈ​ខ្លះ​តែ​ប៉ុណ្ណោះ។ ឧទាហរណ៍​នៅ​ពេល​លោក​អ្នក​មាន​វ័យ​៦៥​ឆ្នាំ ឬ​ក៏​នៅ​ពេល​លោក​អ្នក​ឈប់​ធ្វើការ​ហើយ​​ចូល​និវត្ដន៍​។

    តើ​ខ្ញុំ​សន្សំ​ប្រាក់ Super ដោយ​របៀប​ណា?

    សម្រាប់​មនុស្ស​ភាគ​ច្រើន​ និយោជក​របស់​លោក​អ្នក​បង់​​ចំនួន​ប្រាក់​ដែល​គេ​ហៅ​ថា​ “ប្រាក់​វិភាគ​​ទាន ឬ​ប្រាក់​រួម​ចំណែក (contribution)​” ចូល​ទៅ​ក្នុង​គណនី​ Super មួយ​សម្រាប់​លោក​អ្នក។ ប្រាក់​នេះ​គេ​ហៅ​ថា “​ប្រាក់​ Super ដែល​លោក​អ្នក​ត្រូវ​តែ​បាន ឬ​ប្រាក់​ធានា​សោធន​ចូល​និវត្ដន៍​​ (Super Guarantee)” ដែល​និយោជក​ត្រូវ​តែ​បង់​​បន្ថែម​ពីលើ​ប្រាក់​បៀវត្សរ៍​របស់​លោក​អ្នក។ មាន​ច្បាប់​ជាច្រើន​ដែល​ចែង​អំពី​ចំនួន​សាច់​ប្រាក់​ Super ដែល និយោគ​របស់​លោក​អ្នក​ត្រូវ​បង់​​ឲ្យ​។

    ជា​ទូទៅ និយោជក​របស់​លោក​អ្នក​ត្រូវ​តែ​បង់​ប្រាក់​ Super ឲ្យ​លោក​អ្នក​ប្រសិន​បើ​លោក​អ្នក៖

    • មាន​អាយុ​១៨​ឆ្នាំ ឬ​លើស​ពី​នេះ ហើយ​បាន​ទទួល​ប្រាក់​បៀវត្សរ៍ក្នុង​មួយ​ខែ ​​$450 ឬ​លើស​ពី​នេះ (មុន​បង់​ពន្ធដារ)។
    • មាន​អាយុ​ក្រោម​១៨​ឆ្នាំ ហើយ​បាន​ទទួល​ប្រាក់​បៀវត្សរ៍​ក្នុង​មួយ​ខែ​ $450 ឬ​ច្រើន​ជាង​នេះ​ ហើយ​ធ្វើ​ការ​​លើស​ពី​​៣០ម៉ោង​ក្នុង​មួយ​សប្ដាហ៍។

    លក្ខខណ្ឌ​នេះ​អនុវត្ដ​ឡើង​ទោះ​បី​ជា​លោក​អ្នក​ធ្វើការ​តាម​ពេល​ម៉ោង​មិន​ទៀង​ទាត់(casual), ធ្វើការ​ងារ​មិន​ពេញ​ពេល (part-time) ឬ​ក៏​ធ្វើការ​ងារ​ពេញ​ពេល (full-time) ​ក្ដី ហើយ​ប្រសិន​បើ​លោក​អ្នក​ជា​ពល​រដ្ឋ​មាន​សិទ្ធិ​រស់​នៅ​បណ្ដោះ​អាសន្ន​​ក្នុង​ប្រទេស​អូស្ដ្រាលី​។ លោក​អ្នក​ក៏​អាច​មាន​សិទ្ធិ​ទទួល​ប្រាក់​ Super នេះ​ដែរ​ប្រសិន​បើ​លោក​អ្នក​ធ្វើការ​ជា​អ្នក​ទទួល​ការងារ​កុង​ត្រា/ម៉ៅការ​ ដែល​គេ​បង់​ប្រាក់​ឲ្យ​ភាគ​ច្រើន​ជា​តម្លៃ​ពល​កម្ម ទោះ​បី​ជា​លោក​អ្នក​មាន​លេខ​ពាណិជ្ជកម្ម​អូស្ដ្រាលី​ក្ដី (ABN)។​

    តើគេ​បង់​ប្រាក់​​ចូល​ក្នុង​គណនី Super របស់​ខ្ញុំ​ដោយ​របៀប​ណា?

    ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​កក្កដា​ ឆ្នាំ​២០១៤តទៅ ច្បាប់​តម្រូវ​ឲ្យ​និយោជក​របស់​លោក​អ្នក​បង់​ប្រាក់​អប្បបរមាចំនួន 9.50% នៃ​ប្រាក់​រក​បាន​តាម​ម៉ោង​ធម្មតា​​ (ordinary time earnings) ចូល​ទៅ​ក្នុង​គណនី​ Super របស់​​លោក​អ្នក។ ចំនួនភាគរយ​​នេះ​នឹង​មាន​ការ​កើន​ឡើង​ជា​លំដាប់​នៅ​ក្នុង​​ពេល​ច្រើន​ឆ្នាំ​ទៅ​ថ្ងៃ​អនាគត។

    ប្រាក់​រក​បាន​តាម​ម៉ោង​ធម្មតា​ គឺជា​ប្រាក់​ដែល​លោក​អ្នក​រក​បាន​ជា​ទូទៅ​សម្រាប់​ការងារ​នៅ​ម៉ោង​ធម្មតា​ ដោយ​រួម​ទាំង​ប្រាក់​តាម​កិច្ច​ព្រម​ព្រៀង​ការងារ​, ប្រាក់​លើក​ទឹកចិត្ដ​មួយ​ចំនួន, ប្រាក់​បំណាច់ និង​ប្រាក់​សម្រាប់​ពេល​ឈប់​សម្រាក​ខ្លះ​ទៀត។ ប្រាក់​បាន​ពី​ការ​ធ្វើការងារ​លើ​ស​ម៉ោង​ធម្មតា​ ជា​ទូទៅ​មិន​ត្រូវ​គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ប្រាក់​រក​បាន​តាម​ម៉ោង​ធម្មតា​ឡើយ។

    លោក​អ្នក​ក៏​អាច​ដាក់ចូល​​ប្រាក់​​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​បន្ថែម​​ទៅ​ក្នុង​គណនី Super នេះ​​បាន​ផង​ដែរ ហើយ​មាន​ពេល​ខ្លះ​រដ្ឋាភិបាល​អូស្ដ្រាលី​ក៏​ដាក់​បញ្ចូល​ប្រាក់​ឲ្យ​ផង​ដែរ។

    ចុះ​ប្រសិន​បើ​និយោជក​របស់​ខ្ញុំ​មិន​បង់​ប្រាក់​ Super ឲ្យ​បាន​ត្រឹម​ត្រូវ?

    សូម​និយាយ​ជាមួយ​នឹង​និយោជក​របស់​លោក​អ្នក​។ សួរ​ថា​តើ​គេ​បង់​ប្រាក់​ Super ឲ្យ​លោក​អ្នក​ញឹក​ញាប់​ប៉ុនណា? ហើយ​បង់​ចូល​ក្នុង​មូលនិធិ​ Super មួយ​ណា​? ហើយ​បង់​ឲ្យ​ក្នុង​ចំនួន​ប៉ុន្មាន?

    លោក​អ្នក​អាច​ឆែក​មើល​ របាយការណ៍​របស់​សមាជិក​ (Member statement) ពីមូល​និធិ Super របស់​លោក​អ្នក ឬ​ក៏​ទាក់​ទង​ទៅ​មូល​និធិ​នោះ ដើម្បី​ធ្វើការ​​បញ្ជាក់​ថា​តើ​និយោជក​របស់​លោក​អ្នក​បាន​បង់​ប្រាក់​សោធន​ចូល​និវត្ដន៍​នេះ​ទៅ​ក្នុង Super របស់​លោក​អ្នក​ហើយ​ឬ​នៅ។

    ប្រសិន​បើ​លោក​អ្នក​នៅ​តែ​គិត​ថា​និយោជក​របស់​លោក​អ្នក​មិន​បង់​ប្រាក់​ Super ដែល​លោក​អ្នក​មាន​សិទ្ធិ​ទទួល​ស្រប​ច្បាប់​ទេ​នោះ លោក​អ្នក​អាច​ទូរស័ព្ទ​​មក​យើង​ខ្ញុំ​​បាន​តាម​លេខ 13 10 20

    សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​ឃោសនា​ជួយ​ដក​​ប្រាក់​ Super មុន​ពេល​កំណត់​

    សូម​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​ដើរ​ឃោសនា​​ផ្ដល់​ជូន​កម្មវិធី​គម្រោង​ផ្សេងៗ​ដើម្បី​ជួយ​បើក​ប្រាក់​សន្សំ​ក្នុង​គណនី​​ Super របស់​លោក​អ្នក​​មុន​ពេល​កំណត់​ គឺ​មុន​ពេល​លោក​អ្នក​ត្រូវ​ដល់​អាយុ​ចូល​និវត្ដន៍។ អ្នក​ឃោស​នា​ផ្ដល់​ជំនួយលើ​គម្រោង​​បែប​នេះ នឹង​ប្រាប់​លោក​អ្នក​ថា ពួក​គេ​អាច​ជួយ​​ដក​ប្រាក់​សន្សំ​ពី​គណនី Super របស់​លោក​អ្នក​ដោយ​ប្រើ​មូល​ហេតុ​ជា​ច្រើន​ដូច​ជា​​យក​ប្រាក់​នោះ​ទៅ​បង់​ផ្ដាច់​បំណុល​​ទិញ​ផ្ទះ, ទិញ​ផ្ទះ ឬ​រថយន្ដ ឬ​ក៏​យក​ទៅ​ដើរ​លេង​កម្សាន្ដ​។ កម្មវិធី​គម្រោង​បែប​នេះ គឺ​ខុស​ច្បាប់​ ហើយ​ត្រូវ​ជាប់​ការ​ផាក​ពិន័យ​ធ្ងន់​ ប្រសិន​បើ​​លោក​អ្នក​ចូល​រួម​​ក្នុង​កម្ម​វិធី​បែប​នេះ​។

    ឧទាហរណ៍៖ លោក Phil គេច​ផុត​ពី​ការ​ជាប់​អន្ទាក់​  

    ខ្ញុំ​បាន​សន្សំ​ប្រាក់​អស់​ពេល​ច្រើន​ខែ​កន្លង​ទៅ​នេះ​សម្រាប់​ទិញ​រថយន្ដ​មួយគ្រឿង។ មិត្ដ​ភក្ដិ​ម្នាក់​នៅ​កន្លែង​ធ្វើការ​បាន​ប្រាប់​ខ្ញុំ​អំពី​ទីប្រឹក្សា​ហិរញ្ញវត្ថុ​របស់​គាត់​ដែល​អាច​ជួយ​ខ្ញុំ​ដក​ប្រាក់​ខ្លះ​ចេញ​ពី​គណនី Super ដើម្បី​យក​មក​​បង់​ថ្លៃ​រថយន្ដនោះ។

    សំណាង​ល្អខ្ញុំបាន​ឆែក​មើល​វ៉ិបសាយថ៍​របស់​ Australian Tax Office (ការិយាល័យ​ពន្ធដារ​អូស្ដ្រាលី)​ ហើយ​បាន​ដឹង​ថា​ធ្វើ​យ៉ាង​នេះ គឺ​ខុស​ច្បាប់​។ ប្រាក់​ដែល​ខ្ញុំ​បម្រុង​នឹង​ដក​យក​ចេញ​មក​​ប្រើ​នោះ ប្រាកដ​ជា​ត្រូវ​​បង់​ពន្ធ​ 45%។ ក្រៅ​ពី​នេះ​ខ្ញុំ​ក៏​មុខ​ជា​នឹង​ត្រូវ​គេ​ពិន័យ​ជា​ប្រាក់​ ហើយ​អាច​ជាប់​គុក​ថែម​ទៀត​ផង - ដែល​ជា​កំហុស​មួយ​ធ្វើ​ឲ្យ​ខាត​បង់​ច្រើន​លើស​លុប​ពិត​ប្រាកដ​។

    End of example

    ចំពោះ​​​ព័ត៌មាន​បន្ថែម​ សូម​ចូល​មើល​វ៉ិបសាយថ៍៖ ato.gov.au/otherlanguages

    End of find out more

    តើ​ខ្ញុំ​​ជ្រើស​រើស​មូល​និធិ​ Super ដោយ​របៀប​ណា?​

    បណ្ដា​ជន​ភាគ​ច្រើន​អាច​ជ្រើស​រើស​មូល​និធិ​ Super ដែល​គេ​ចង់​ដាក់​តម្កល់​ប្រាក់​វិភាគ​ទាន​របស់​ពួក​គេ។ ប្រសិន​បើ​លោក​អ្នក​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​នេះ និយោជក​របស់​លោក​អ្នក​ត្រូវ​តែ​ផ្ដល់​ជូន​​អ្នក​នូវ​ឯកសារ​បំពេញ​ពាក្យ​មួយ​ហៅ​ថា​ Standard choice form ក្នុង​រយៈ​ពេល​២៨​ថ្ងៃ​ចាប់​ពី​ពេល​ដែល​លោក​អ្នក​បាន​ចាប់​ផ្ដើម​ចូល​ធ្វើការ​ជា​មួយ​ក្រុមហ៊ុន​ ដើម្បី​លោក​អ្នក​អាច​ជ្រើស​រើស​មូលនិធិ​​ Super ជា​លាយ​លក្ខណ៍​អក្សរ។ ប្រសិន​បើ​លោក​អ្នក​មិន​ជ្រើស​រើស​មូល​និធិ Super ទេ​នោះ និយោជក​របស់​លោក​អ្នក​នឹង​ជ្រើស​រើស​​មូល​និធិ​មួយ​​ជួស​លោក​អ្នក។

    រាល់​និយោជក​ទាំង​អស់​មាន​មូល​និធិ​ Super ដែល​គេ​បាន​ជ្រើស​តាំង ឬហៅ​ថា​​ “default fund” ដែល​ជា​មូលនិធិ​ស្វ័យ​ប្រវត្ដិមួយ​ដែល​និយោជក​​ធានា​​បង់​ប្រាក់​សោធន​ចូល​និវត្ដន៍​សម្រាប់​បុគ្គលិក​របស់​ពួក​គេ ដែល​មិន​បាន​ធ្វើការ​ជ្រើស​រើស​មូលនិធិ​ណា​មួយ​ទៅ​តាម​ចំណង់​ចិត្ដ​របស់​ពួក​គេ។

    ប្រសិន​បើ​លោក​អ្នក​ចង់​ឲ្យ​មាន​ការ​បង់​ប្រាក់​វិភាគទាន Super ចូល​ទៅ​ក្នុង​គណនី Super ដែល​មាន​ស្រាប់ ប៉ុន្ដែ​មិន​ចាំ​ព័ត៌មាន​លម្អិត​អំពី​គណនី​មូល​និធិ​នោះ សូម​ឆែក​មើល​វ៉ិបសាថយ៍ myGov ដើម្បី​ស្វែង​រក​ជំនួយ។

    តើ​ខ្ញុំ​តាមដាន​ប្រាក់​សន្សំ​ក្នុង​គណនី Super របស់​ខ្ញុំ​ដោយ​របៀប​ណា?

    លេខ​សំណុំ​ពន្ធដារ​ (TFN) របស់​លោក​អ្នក​គឺជា​គន្លឹះ​សំខាន់

    ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មូលនិធិ Super របស់​លោក​អ្នក​មាន​លេខ​ TFN របស់​លោក​អ្នក​ - ព្រោះ​វា​នឹង​ជួយ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​តាម​ដាន​ប្រាក់​ Super របស់​លោក​អ្នក, ផ្ទេរ​ពី​គណនី​មួយ​ទៅ​គណនី​មួយ​ទៀត និង​ទទួល​បាន​ការ​បង់​ប្រាក់ Super ពី​និយោជក​របស់​លោក​អ្នក ឬ​ពី​រដ្ឋាភិបាល។

    លោក​អ្នក​អាច​ឆែក​មើល​ថា​តើ​មូលនិធិ Super របស់​លោក​អ្នក​មាន​លេខ​ TFN របស់​លោក​អ្នក​ឬ​យ៉ាង​ណា​តាម​រយៈ​ការ​ពិនិត្យ​មើល​លើ​របាយការណ៍​ Super ដែល​គេ​ផ្ញើ​ទៅ​ជូន​លោក​អ្នក។

    ការ​តាម​ដាន​​ប្រាក់​ Super របស់​លោក​អ្នក​

    ប្រសិន​បើ​លោក​អ្នក​​បាន​ផ្លាស់​ប្ដូរ​ឈ្មោះ, អាសយដ្ឋាន ឬ​ការងារ លោក​អ្នក​អាច​មិន​បាន​តាម​ដាន​​ដិត​ដល់​អំពី​ប្រាក់​ Super ខ្លះ​របស់​លោក​អ្នកទេ​។ ការ​មាន​គណនី Super ច្រើន​កន្លែង​អាច​មាន​ន័យ​ថា ប្រាក់​កម្រៃ​ឈ្នួល​នានា​សម្រាប់​ការ​គ្រប់​គ្រង​គណនី​ Super របស់​លោក​អ្នក​ នឹង​បញ្ចុះ​​ចំនួន​នៃ​ការ​សន្សំ​ប្រាក់សរុប​​ដែល​មាន​នៅ​ក្នុង​ Super របស់​លោក​អ្នក។ មាន​វិធី​ច្រើន​យ៉ាង​ដែល​គេ​អាច​ធ្វើការ​តាម​ដាន​ឆែក​មើល​ និង​គ្រប់​គ្រង​ប្រាក់ Super របស់​លោក​អ្នក។

    លោក​អ្នក​អាច​បង្កើត​គណនី​​ myGov មួយ​រួច​ហើយ​ភ្ជាប់​ទៅ​​ ATO ដើម្បី​៖

    • មើល​ឃើញ​ព័ត៌មាន​លម្អិត​នូវ​រាល់​គណនី Super ទាំង​អស់​របស់​លោក​អ្នក រួម​ទាំង​ប្រាក់​ Super ដែល​​លោក​អ្នក​មិន​បាន​តាម​ដាន ឬ​ក៏​ភ្លេច​ទាំង​ស្រុង
    • ស្វែង​រក​ប្រាក់ Super ដែល​ ATO បាន​រក្សា​ទុក​ឲ្យ - ប្រសិន​បើ​យើង​រក្សា​ទុក​ប្រាក់​ Super ជំនួស​ឲ្យ​លោក​អ្នក លោក​អ្នក​អាច​ជ្រើស​រើស​គណនី​ណា​មួយ​នៃ​គណនី​ Super ជា​ច្រើន​របស់​លោក​អ្នក​ដើម្បី​ឲ្យ​យើង​ធ្វើការ​ផ្ទេរ​ប្រាក់​នោះ​ចូល​ទៅ​ឲ្យ​លោក​អ្នក​
    • ដាក់ប​ញ្ចូល​ប្រាក់​ពី​គណនី Super ច្រើន​កន្លែង​​នោះ​ចូល​ទៅ​ក្នុង​គណនី​ Super ណា​មួយ​ដែល​អ្នក​ចង់​ឲ្យ​មាន​ការ​ផ្ទេរ​ប្រាក់​ចូល។

    ធ្វើ​វា​ឲ្យ​ហើយ​

    End of get it done

    លោក​អ្នក​ក៏​អាច​ទូរស័ព្ទ​មក​យើង​ខ្ញុំ​បាន​ដែរ ហើយ​ស្នើសុំ​ឲ្យ​យើង​ធ្វើការ​រុក​រក​គណនី​ Super ទាំង​អស់​របស់​លោក​អ្នក។ សូម​ទូរស័ព្ទ​មក​យើង​នៅ​ចន្លោះ​ពី​ម៉ោង​៨ព្រឹក ដល់ម៉ោង​៦ល្ងាច (ម៉ោង​ក្នុង​តំបន់​) ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ លើក​លែង​តែ​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​ដែល​យើងមិន​ធ្វើការ។

    ប្រសិន​បើ​លោក​អ្នក​រស់​នៅ​ក្នុង​ប្រទេស​អូស្ដ្រាលី សូម​ទូរស័ព្ទ​មក​យើង​ខ្ញុំ​លេខ 13 10 20

    ប្រសិន​បើ​លោក​អ្នក​នៅ​បរទេស សូម​ទូរស័ព្ទ​មក​យើង​ខ្ញុំ​លេខ +61 2 6216 1111

    ប្រសិន​បើ​លោក​អ្នកចេះ​​និយាយ​ភាសា​អង់គ្លេស​មិន​បាន​ស្ទាត់ជំនាញ​​ តែ​ចង់​និយាយ​ជា​មួយ​​មន្រ្ដី​ពន្ធដារ​ សូម​ទូរស័ព្ទ​ទៅ​សេវាកម្ម​បក​ប្រែ​ភាសា​ (Translating and Interpreting Service) តាម​លេខ 13 14 50 ដើម្បី​ស្នើ​សុំជំនួយ​សម្រាប់​ការ​និយាយ​តាម​ទូរស័ព្ទ​របស់​លោក​អ្នក។

    ចំពោះ​ព័ត៌មាន​បន្ថែម​

    ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​ការ​ឆែក​មើល និង​ការ​គ្រប់​គ្រង​ប្រាក់ Super របស់​លោក​អ្នក​ សូម​បើក​មើល​វ៉ិបសាយថ៍​នៅ ato.gov.au/superonline

    End of find out more

    តើ​ខ្ញុំ​បង្កើន​ប្រាក់ Super របស់​ខ្ញុំ​ដោយ​របៀប​ណា?

    ជា​មួយ​នឹង​ប្រាក់វិភាគ​ទាន​ដែល​និយោជក​របស់​លោក​អ្នក​បង់​ឲ្យ លោក​អ្នក​ក៏​អាច​ដាក់​​​ប្រាក់​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ចូល​ទៅ​ក្នុង​គណនី Super របស់​លោក​អ្នក​បាន​ផង​ដែរ។ លោក​អ្នក​អាច​នឹង​បង់ចូល Super ​បន្ថែម​តាម​រយៈ​កម្មវិធី​ “salary sacrifice គឺ​ការ​លះបង់​ប្រាក់​បៀវត្សរ៍​ខ្លះ​​” ចេញ​ពី​ប្រាក់​បៀវត្សរ៍​របស់​លោក​អ្នក​មុន​ពេល​បង់​ពន្ធដារ​ចូល​រដ្ឋ ឬ​ក៏ដាក់​បន្ថែម​ប្រាក់​ផ្ទាល់​ខ្លួន​ចូល​ទៅ​គណនី Super ពី​ប្រាក់​បៀវត្សរ៍​ដែល​លោក​អ្នក​ទទួល​បាន​ក្រោយ​បង់​ពន្ធដារ​រួច​។

    ប្រសិន​បើ​លោក​អ្នក​ជ្រើស​រើស​ការដាក់​ប្រាក់​បន្ថែម​តាម​រយៈ​​កម្មវិធី salary sacrifice នោះ​ និយោជក​របស់​លោក​អ្នក​អាច​ធ្វើការ​បង់​ប្រាក់​វិភាគ​ទាន Super Guarantee ​របស់​និយោជក​ក្នុងបរិមាណ​​ដែល​ផ្អែក​ទៅ​លើ​ប្រាក់​បៀវត្សរ៍​កាត់​បន្ថយ​ថ្មី​របស់​លោក​អ្នក។

    មាន​ការ​ដាក់​កម្រិត​មួយ​លើ​ចំនួន​ប្រាក់​ដែល​គេ​ហៅ​ថា “caps” ទៅ​លើ​ចំនួន​ដែល​លោក​អ្នក​អាច​រួម​ចំណែក​​ដាក់​ចូល​បន្ថែម​ទៅ​ក្នុង​គណនី​ Super សម្រាប់​ឆ្នាំ​សារពើ​ពន្ធ​នីមួយៗ​ដោយ​មិន​ចាំ​បាច់​ត្រូវ​បង់​ពន្ធដារ​បន្ថែម​។ ប្រសិន​បើ​លោក​អ្នក​រួម​ចំណែក​បង់​លើស​ពី​ចំនួន​ដែល​គេ​ដាក់​កំហិត​នោះ​ លោក​អ្នក​អាច​នឹង​ត្រូវ​បង់​ពន្ធដារ​បន្ថែម។ ប្រសិនបើ​លោក​អ្នក​មាន​ផែនការ​ចង់​រួម​ចំណែក​ដាក់​ប្រាក់​​បន្ថែម​លើស​ $30,000 ចូល​ទៅ​ក្នុង​គណនី Super របស់​លោក​អ្នក (រួម​ទាំង​​ការបង់​វិភាគ​ទាន​របស់​និយោជក​ផង​នោះ) សូម​ស្វែង​រក​ឱវាទ​ពី​អ្នក​ជំនាញខាង​ផ្នែក​នេះ​ដែល​​មាន​វិជ្ជាជីវៈ និង​សញ្ញា​ប័ត្រ​ត្រឹម​ត្រូវ​។

    ការ​រួម​ចំណែក​បង់​​វិភាគ​ទាន​ប្រាក់ Super ពី​រដ្ឋាភិបាល​

    ប្រសិន​បើ​លោក​អ្នក​រក​បាន​ប្រាក់​ចំណូល​ទាប ឬ​មធ្យម លោក​អ្នក​អាច​មាន​សិទ្ធិ​ទទួល​បាន​ការ​រួម​ចំណែក​បង់​វិភាគ​ទាន​ប្រាក់ Super ពី​រដ្ឋាភិបាល​អូស្ដ្រាលី - រដ្ឋាភិបាល​​នឹង​រួម​ចំណែក​បង់​ប្រាក់​ចូល​ក្នុង​គណនីសន្សំ​ Super សម្រាប់​លោក​អ្នក។

    ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​វិភាគ​ទាន​ទាំង​នេះ ហើយ​បើ​ចង់​ដឹង​ថា​តើ​លោក​អ្នក​មាន​សិទ្ធិ​ទទួល​បាន​ឬ​អត់​នោះ សូម​ចូល​មើល​ សេចក្ដីណែនាំ​អំពី​ប្រាក់ Super សម្រាប់​បុគ្គល ​(Guide to super for individuals) នៅ​លើ​វ៉ិបសាថយ៍​របស់ ATO៖ ato.gov.au

    តើ​ខ្ញុំ​អាច​ដក​ប្រាក់​ Super របស់​ខ្ញុំ​ដោយ​របៀប​ណា?

    ជា​ទូទៅ​ លោក​អ្នក​អាច​ដក​ប្រាក់​ Super របស់​លោក​អ្នក​បាន​នៅ​ពេល​លោក​អ្នក​ឈប់​ធ្វើការ​ហើយ​ចូល​និវត្ដ​ន៍។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​កាលៈ​ទេសៈ​​មួយ​ចំនួន​ដែល​លោក​អ្នក​អាច​ដក​ប្រាក់​សន្សំ​ពីគណនី​ Super នេះ​មុន​កាល​កំណត់​ ដូច​ជា​ក្នុង​ករណី​ដែល​លោក​អ្នក​ជួប​ប្រទះ​នឹង​ការ​លំបាក​​ផ្នែក​ហិរញ្ញវត្ថុ​ និង​ពេល​​ដែល​លោក​អ្នក​មាន​ស្ថាន​ភាព​ជំងឺ​ជាក់​លាក់​ណា​មួយ។

    ប្រសិន​បើ​លោក​អ្នក​ពិត​ជា​ត្រូវ​ការ​ដក​ប្រាក់ Super ​ខ្លះ​មុន​កាល​កំណត់​ដោយ​មូល​ហេតុ​ត្រឹមត្រូវ​នោះ សូម​សាក​សួរ​ទៅ​មូលនិធិ​ Super របស់​លោក​អ្នក​​ថាតើ​លោក​អ្នក​អាច​ដក​ប្រាក់​នោះ​បាន​ឬ​អត់​មុន​ពេល​ធ្វើការ​ដាក់​ពាក្យ​សុំដក​ប្រាក់​នោះ​។

    អ្នក​រស់​​បណ្ដោះ​អាសន្ន​ដែល​ចាក​ចេញ​ពី​អូស្ដ្រាលី

    ប្រសិន​បើ​លោក​អ្នក​ជា​ជន​​មក​រស់​នៅ​បណ្ដោះ​អាសន្ន​​តែ​ធ្វើការ​នៅ​ក្នុង​ប្រទេស​អូស្ដ្រាលី ហើយ​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​ Super នោះ​និយោជក​របស់​លោក​អ្នក​ត្រូវ​តែ​បង់​ប្រាក់​ វិភាគទាន Super Guarantee​ សម្រាប់​លោក​អ្នក។ លោក​អ្នក​អាច​នឹង​ដក​ប្រាក់​ Super របស់​លោក​អ្នក​បាន​នៅ​ពេល​ដែល​លោក​អ្នក​ចាក​ចេញ​ពី​ប្រទេស​អូស្ដ្រាលី​ - ការ​បង់​ប្រាក់​បែប​​នេះ​គេហៅ​ថា ប្រាក់ Super សម្រាប់​ការ​ចាក​ចេញ​ពី​អូស្ដ្រាលី ឬហៅកាត់​ថា DASP។

    ពល​រដ្ឋ​សញ្ជាតិ​នូវ៉ែលហ្សេឡង់​ និង​ពល​រដ្ឋ​រស់​នៅ​ក្នុង​ប្រទេស​អូស្ដ្រាលី​អចិន្រ្ដៃយ៍​ គ្មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​នេះ​ទេ។

    ចំពោះ​ព័ត៌មាន​បន្ថែម​

    សម្រាប់​ព័ត៌មាន​បន្ថែម និង​​ថា​តើ​លោក​អ្នក​មាន​សិទ្ធិ​ទទួល​ប្រាក់​នេះ​ឬ​អត់​សូម​ចូល​ទៅ​វ៉ិបសាយថ៍៖ ato.gov.au/departaustralia 

    End of find out more

    នៅ​លើ​វ៉ិបសាយថ៍​នោះ​ លោក​អ្នក​អាច​ដាក់​ពាក្យ​សុំដក​​ប្រាក់ DASP ​តាមអ៊ីនធើរណិត ឬ​ក៏​ទាញ​យក​ក្រដាស​​ឯកសារ​ពាក្យ​។

    ប្រាក់ Super ពី​បរទេស

    ប្រសិន​បើ​លោក​អ្នក​នាំ​យក​ប្រាក់​ផ្ទាល់ខ្លួន​​ ឬ​ប្រាក់​សោធន​ចូល​និវត្ដន៍​ពី​បរទេស គេ​អាច​មាន​ច្បាប់​ពន្ធដារ​ពិសេស​​ដែល​លោក​អ្នក​ត្រូវ​ដឹង​ - សូមពិភាក្សា​ជា​មួយ​នឹង​ទីប្រឹក្សា​ហិរញ្ញវត្ថុ​ ឬ​ក៏​ភ្នាក់ងារ​អន្ដោរប្រវេសន៍​របស់​លោក​អ្នក ។

    ចំពោះ​ព័ត៌មាន​បន្ថែម​

    សូម​ចូល​មើល​វ៉ិបសាយថ៍​របស់​យើង​នៅ ato.gov.au/yoursuper ឬក៏​ទូរស័ព្ទ​មក​យើង​ខ្ញុំ​តាម​លេខ​ 13 10 20

    ប្រសិន​បើ​លោក​អ្នកចេះ​​និយាយ​ភាសា​អង់គ្លេស​មិន​បាន​ស្ទាត់ជំនាញ​​ តែ​ចង់​និយាយ​ជា​មួយ​​មន្រ្ដី​ពន្ធដារ​ សូម​ទូរស័ព្ទ​ទៅ​សេវាកម្ម​បក​ប្រែ​ភាសា​ (Translating and Interpreting Service) តាម​លេខ 13 14 50 ដើម្បី​ស្នើ​សុំជំនួយ​សម្រាប់​ការ​និយាយ​តាម​ទូរស័ព្ទ​របស់​លោក​អ្នក។

    End of find out more
      Last modified: 08 May 2015QC 45083