Show download pdf controls
  • មូលដ្ឋានប្រាក់ចូលនិវត្តន៍របស់អ្នក

    ការណែនាំមូលដ្ឋានស្តីអំពី៖

    • អត្ថន័យនៃប្រាក់ចូលនិវត្តន៍
    • វិធីសន្សំប្រាក់ចូលនិវត្តន៍
    • អ្វីខ្លះដែលអ្នកអាចធ្វើដើម្បីបង្កើនប្រាក់ចូលនិវត្តន៍

    តើប្រាក់ចូលនិវត្តន៍មានអត្ថន័យដូចម្តេច?

    ប្រាក់ចូលនិវត្តន៍ ឬក៏ ‘Super’ គឺជាប្រាក់ដែលនិយោជករបស់អ្នករក្សាទុកដោយឡែកនៅក្នុងអំឡុងពេលអ្នកកំពុងធ្វើការសម្រាប់អ្នកចិញ្ចឹមជីវិតនៅពេលអ្នកចូលនិវត្តពីការងារ។

    ប្រាក់ចូលនិវត្តន៍មានសារៈសំខាន់សម្រាប់អ្នក ដោយសារបើអ្នកសន្សំបានកាន់តែច្រើន អ្នកនឹងមានប្រាក់កាន់តែច្រើននៅពេលអ្នកចូលនិវត្ត។

    អ្នកអាចដកប្រាក់ចូលនិវត្តន៍របស់អ្នកបានតែនៅក្នុងកាលៈទេសៈជាក់លាក់ទេ - ឧទាហរណ៍ នៅពេលអ្នកចូលនិវត្ត ឬក៍មានអាយុ 65ឆ្នាំ។

    តើខ្ញុំអាចសន្សំប្រាក់ចូលនិវត្តន៍យ៉ាងដូចម្តេច?

    សម្រាប់មនុស្សភាគច្រើនបំផុត និយោជករបស់អ្នកបង់ប្រាក់ជូន - ‘ប្រាក់បដិភាគ’ - ទៅក្នុងគណនីប្រាក់ចូលនិវត្តន៍របស់អ្នក។ នេះគេហៅថា ‘ការធានាប្រាក់ចូលនិវត្តន៍’។ ពួគេបង់ប្រាក់បដិភាគទាំងនេះពីលើប្រាក់ខែ និងប្រាក់ឈ្នួលរបស់អ្នក។ មានច្បាប់ស្តីពីថាតើនិយោជករបស់អ្នកត្រូវបង់ប្រាក់ចូលនិវត្តន៍ចំនួនប៉ុន្មាន។

    ជាទូទៅ និយោជករបស់អ្នកត្រូវបង់ប្រាក់ចូលនិវត្តន៍សម្រាប់អ្នក ប្រសិនបើអ្នក៖

    • មានអាយុ 18ឆ្នាំ ឬច្រើនជាង ហើយទទួលបានប្រាក់កម្រៃចំនួន 450ដុល្លា ឬក៏ច្រើនជាង (មុនពេលកាត់ពន្ធដារ) ក្នុងមួយខែ។
    • មានអាយុក្រោម 18ឆ្នាំ ដោយបានទទួលប្រាក់កម្រៃចំនួន 450ដុល្លា ឬក៏ច្រើនជាង (មុនពេលកាត់ពន្ធដារ) ក្នុងមួយខែ ហើយធ្វើការច្រើនជាង 30ម៉ោងក្នុងមួយសប្តាហ៍។

    អ្នកត្រូវទទួលប្រាក់ចូលនិវត្តន៍នេះ ទោះអ្នកធ្វើការងារបណ្តែត ពាក់កណ្តាលម៉ោង ឬក៏ពេញម៉ោងក្តី ហើយទោះអ្នកជាជនតាំងលំនៅបណ្តោះអាសន្នក្តី។ អ្នកក៏អាចមានសិទ្ធិទទួលបានដែរ ប្រសិនបើអ្នកជាអ្នកម៉ៅការដែលទទួលប្រាក់កម្រៃចម្បងពីពលកម្ម ទោះជាអ្នកមានលេខប្រកបអាជីវកម្មប្រទេសអូស្ត្រាលីក៏ដោយ (ABN)។

    តើនិយោជកបង់ប្រាក់ចូលក្នុងប្រាក់ចូលនិវត្តន៍យ៉ាងដូចម្តេច?

    ចាប់ពីថ្ងៃទី1 ខែកក្កដា ឆ្នាំ2014 មក និយោជករបស់អ្នកត្រូវបង់ប្រាក់អប្បបរមាចំនួន 9.5% នៃប្រាក់កម្រៃម៉ោងធ្វើការធម្មតារបស់អ្នកចូលទៅក្នុងប្រាក់ចូលនិវត្តន៍។ ចំនួនប្រាក់ចូលនិវត្តន៍នេះនឹងត្រូវឡើងជាលំដាប់នៅក្នុងបណ្តាឆ្នាំខាងមុខ។

    ប្រាក់កម្រៃម៉ោងធ្វើការធម្មតា គឺជាអ្វីដែលអ្នករកបានជាទូទៅនៅក្នុងម៉ោងធ្វើការធម្មតា ដោយរួមមានប្រាក់ទទួលបានពីលើប្រាក់គោល ប្រាក់លាភការជាក់ស្តែង ប្រាក់ឧបត្ថម្ភ និងប្រាក់ទទួលបាននៅពេលឈប់សម្រាកមួយចំនួន។ ប្រាក់ធ្វើការលើសម៉ោងគឺជាទូទៅមិនរាប់បញ្ចូលនៅក្នុងប្រាក់កម្រៃម៉ោងធ្វើការធម្មតាទេ។

    អ្នកក៏អាចបន្ថែមប្រាក់ផ្ទាល់ខ្លួនរបស់អ្នកចូលទៅក្នុងប្រាក់សន្សំចូលនិវត្តន៍របស់អ្នកដែរ ហើយជួនកាលរដ្ឋាភិបាលអូស្ត្រាលីក៏ដាក់ប្រាក់ចូលទៅក្នុងប្រាក់ចូលនិវត្តន៍របស់អ្នកដែរ។

    តើធ្វើដូចម្តេចបើនិយោជករបស់អ្នកមិនបង់ប្រាក់ចូលនិវត្តន៍បានត្រឹមត្រូវនោះ?

    សូមនិយាយជាមួយនិយោជករបស់អ្នក។ សូមសួរថាតើពួកគេបង់ប្រាក់ចូលនិវត្តន៍របស់អ្នកញឹកញាប់ប៉ុណ្ណាចូលទៅក្នុងក្រុមហ៊ុនគ្រប់គ្រង់ប្រាក់ចូលនិវត្តន៍ដែលពួកគេកំពុងបង់ ហើយថាតើពួកគេកំពុងបង់ចំនួនប៉ុន្មាន។

    អ្នកអាចពិនិត្យមើលសេចក្តីប្រកាសប្រាក់សន្សំរបស់សមាជិកចុងក្រោយពីក្រុមហ៊ុនគ្រប់គ្រង់ប្រាក់ចូលនិវត្តន៍របស់អ្នកដើម្បីបញ្ជាក់ថាតើនិយោជករបស់អ្នកបានបង់ប្រាក់ចូលនិវត្តន៍របស់អ្នកឬក៏ឥត។

    ប្រសិនបើអ្នកនៅតែជឿជាក់ថានិយោជករបស់អ្នកមិនបង់ប្រាក់ចូលនិវត្តន៍របស់អ្នកដែលអ្នកមានសិទ្ធិទទួលបាននោះទេ អ្នកអាចហៅទូរស័ព្ទមកយើងតាមលេខ 13 10 20

    តើខ្ញុំគួរប្រុងប្រយ័ត្ននឹងអ្នកផ្សាយពាណិជ្ជកម្មដែលផ្តល់លទ្ធភាពបើកប្រាក់ចូលនិវត្តន៍មុនឬទេ?

    សូមយល់ដឹងឲ្យច្បាស់ពីអ្នកផ្សាយពាណិជ្ជកម្មដែលផ្តល់ផែនការផ្សេងៗដើម្បីបើកប្រាក់សន្សំចូលនិវត្តន៍របស់អ្នកមុន នៅមុនពេលអ្នកចូលនិវត្ត។ អ្នកផ្សាយពាណិជ្ជកម្មនៃផែនការទាំងនេះនឹងប្រាប់អ្នកថាពួកគេអាចជួយអ្នកឲ្យ មានលទ្ធភាពបើកប្រាក់សន្សំចូលនិវត្តន៍របស់អ្នកដោយមានហេតុផលផ្សេងៗដូចជា យកមកបង់ប្រាក់បំណុល ទិញផ្ទះ ឬឡាន ឬក៏សូម្បីតែទៅលេងវិស្សមកាល។ គម្រោងទាំងនេះមានលក្ខណៈខុសច្បាប់ ហើយនិងទទួលការផាកពិន័យយ៉ាងធ្ងន់ ប្រសិនបើអ្នកចូលរួម។

    ឧទាហរណ៍ហ្វីលចៀសវាងអន្ទាក់

    ខ្ញុំបានសន្សំប្រាក់សម្រាប់ទិញឡានក្នុងរយៈពេលពីរបីខែកន្លងមក។ មិត្តភក្តិរួមការងាររបស់ខ្ញុំម្នាក់បានប្រាប់ខ្ញុំអំពីមិត្តភក្តិរបស់គាត់ ដែលអាចជួយខ្ញុំដកប្រាក់ចូលនិវត្តន៍របស់ខ្ញុំខ្លះដើម្បីបង់ថ្លៃឡាន។

    ជាសំណាងល្អ ខ្ញុំបានពិនិត្យមើលវ៉ិបសាយថ៍របស់ក្រសួងពន្ធដារ ហើយបានរកឃើញថាវាខុសច្បាប់។ ប្រាក់ដែលខ្ញុំនឹងអាចដកចេញនោះនឹងត្រូវបង់ពន្ធចំនួន 45%។ ខ្ញុំក៏នឹងអាចទទួលបាននូវការផាពិន័យ ហើយអាចជាប់ពន្ធនាគារពីលើនេះទៀត - ជាកំហុសដែលត្រូវបង់ប្រាក់ច្រើនណាស់។

    End of example

    បន្ថែមពីនេះ សូមចូលអាន៖

    តើខ្ញុំជ្រើសរើសក្រុមហ៊ុនគ្រប់គ្រងប្រាក់ចូលនិវត្តន៍យ៉ាងដូចម្តេច?

    មនុស្សភាគច្រើនបំផុតអាចជ្រើសរើសក្រុមហ៊ុនគ្រប់គ្រងប្រាក់ចូលនិវត្តន៍ដែលពួកគេចង់ឲ្យនិយោជកបង់ប្រាក់បដិភាគចូលបាន។ ប្រសិនបើអ្នកមានសិទ្ធិទទួលបាន និយោជករបស់អ្នកត្រូវផ្តល់ទម្រង់ជម្រើសស្តង់ដារមួយជូនដល់អ្នកក្នុងរយៈពេល 28ថ្ងៃបន្ទាប់ពីថ្ងៃចាប់ផ្តើមធ្វើការឲ្យនិយោជក ដើម្បីឲ្យអ្នកអាចធ្វើជម្រើសជាលាយល័ក្តអក្សរ។ ប្រសិនបើអ្នកមិនបានជ្រើសរើសក្រុមហ៊ុនគ្រប់គ្រងប្រាក់ចូលនិវត្តន៍របស់ទេ និយោជករបស់អ្នកនឹងជ្រើសរើសក្រុមហ៊ុនគ្រប់គ្រងប្រាក់ចូលនិវត្តន៍ជំនួសអ្នក។

    និយោជកទាំងអស់មានក្រុមហ៊ុនគ្រប់គ្រងប្រាក់ចូលនិវត្តន៍ដែលបានជ្រើសរើសរួច ឬក៏ ‘ក្រុមហ៊ុនគ្រប់គ្រងប្រាក់ចូលនិវត្តន៍ដែលបានកំណត់’ ដែលពួកគេបង់ប្រាក់ចូលនិវត្តន៍ដែលបានធានាដោយច្បាប់ឲ្យនិយោជិករបស់ពួកគេដែលមិនបានជ្រើសក្រុមហ៊ុនគ្រប់គ្រងប្រាក់ចូលនិវត្តន៍របស់ពួកគេ។

    ប្រសិនបើអ្នកចង់ឲ្យនិយោជកបង់ប្រាក់បដិភាគរបស់អ្នកចូលទៅក្នុងគណនីប្រាក់ចូលនិវត្តន៍ដែលមានស្រាប់មួយ ប៉ុន្តែមិនចងចាំព័ត៌មានលម្អិតនៃគណនីប្រាក់ចូលនិវត្តន៍របស់អ្នក អ្នកអាចប្រើប្រាស់គណនីអនឡាញ myGov ដើម្បីស្វែងរកគណនីប្រាក់ចូលនិវត្តន៍របស់អ្នកទាំងអស់។

    តើខ្ញុំតាមដានប្រាក់សន្សំចូលនិវត្តន៍របស់ខ្ញុំដោយរបៀបណា?

    ការធ្វើឲ្យប្រាកដថាក្រុមហ៊ុនគ្រប់គ្រងប្រាក់ចូលនិវត្តន៍របស់អ្នកមានលេខបញ្ជីពន្ធដារ (TFN) នឹងធ្វើឲ្យមានលក្ខណៈងាយស្រួលដើម្បីតាមដានប្រាក់ចូលនិវត្តន៍របស់អ្នក បញ្ជូនប្រាក់នេះរវាងគណនីនានា ហើយទទួលបានការបង់ប្រាក់ចូលនិវត្តន៍ពីនិយោជក ឬរដ្ឋាភិបាល។

    អ្នកអាចពិនិត្យថាតើក្រុមហ៊ុនគ្រប់គ្រងប្រាក់ចូលនិវត្តន៍របស់អ្នកមានលេខបញ្ជីពន្ធដាររបស់អ្នកដោយពិនិត្យមើលសេចក្តីថ្លែងការណ៍ដែលពួកគេផ្ញើជូនអ្នក។

    តាមដានប្រាក់ចូលនិវត្តន៍របស់អ្នកដោយប្រើគណនីអនឡាញ myGov

    អ្នកអាចបង្កើតគណនីអនឡាញ myGov ហើយនិងតភ្ជាប់ក្រសួងពន្ធដារជាមួយគណនីរបស់អ្នក ដើម្បីឲ្យអ្នកអាច៖

    • មើលឃើញព័ត៌មានលម្អិតនៃគណនីប្រាក់ចូលនិវត្តន៍របស់អ្នក ដោយរួមមានព័ត៌មានលម្អិតណាដែលអ្នកមិនអាចតាមដានបាន ឬក៏បានភ្លេច
    • ស្វែងរកប្រាក់ចូលនិវត្តន៍ដែលគ្រប់គ្រងដោយក្រសួងពន្ធដារ។ ប្រសិនបើរដ្ឋាភិបាល ក្រុមហ៊ុនគ្រប់គ្រងប្រាក់ចូលនិវត្តន៍របស់អ្នក ឬក៏និយោជករបស់អ្នកមិនអាចស្វែងរកគណនីមួយដើម្បីផ្ទេរប្រាក់ចូលនិវត្តន៍របស់អ្នកចូលបានទេ យើងគ្រប់គ្រងប្រាក់ចូលនិវត្តន៍របស់អ្នកជំនួសឲ្យអ្នក។
    • សូមបញ្ចូលពហុគណនីប្រាក់ចូលនិវត្តន៍ដោយផ្ទេរប្រាក់ចូលនិវត្តន៍របស់អ្នកចូលទៅក្នុងគណនីប្រាក់ចូលនិវត្តន៍អាទិភាពរបស់អ្នក។ ប្រសិនបើនេះជាការផ្ទេរប្រាក់ចូលនិវត្តន៍ពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀតទេ ជាទូទៅការផ្ទេរនឹងត្រូវទទួលការទូទាត់ក្នុងរយៈពេលបីថ្ងៃធ្វើការ។

    ជំហានបន្ទាប់៖

    តើខ្ញុំបង្កើនប្រាក់ចូលនិវត្តន៍របស់ខ្ញុំដោយរបៀបណា?

    ក៏ដូចជាប្រាក់បដិភាគដែលនិយោជកបង់ អ្នកអាចបន្ថែមទៅលើប្រាក់ចូលនិវត្តន៍របស់អ្នកដោយបង់ប្រាក់បដិភាគផ្ទាល់ខ្លួនរបស់អ្នក។ អ្នកអាច ‘បរិច្ចាកប្រាក់ខែ’ ចូលក្នុងប្រាក់ចូលនិវត្តន៍ចេញពីប្រាក់ចំណូលមុនពេលបង់ពន្ធរបស់អ្នក ឬក៏បង់បដិភាគដល់ប្រាក់ចូលនិវត្តន៍ចេញពីប្រាក់ចំណូលបន្ទាប់ពីបង់ពន្ធរួចរបស់អ្នក។

    ប្រសិនបើអ្នកជ្រើសរើសបរិច្ចាកប្រាក់បដិភាគនៃប្រាក់ខែ និយោជករបស់អ្នកអាចបង់ប្រាក់បដិភាគចំពោះប្រាក់ចូលនិវត្តន៍ដែលធានាដោយច្បាប់ដោយផ្អែកលើប្រាក់ខែដែលបានកាត់រួចថ្មីរបស់អ្នក។

    មានការដាក់កម្រិតដែលគេហៅថា ‘កម្រិតខ្ពស់បំផុត’ ទៅលើចំនួនដែលអ្នកអាចបង់ប្រាក់បដិភាគចូលក្នុងប្រាក់ចូលនិវត្តន៍របស់អ្នករាល់ឆ្នាំហិរញ្ញវត្ថុដោយមិនបង់ពន្ធបន្ថែម។ ប្រសិនបើអ្នកបង់ប្រាក់បដិភាគច្រើនជាងកម្រិតខ្ពស់បំផុតទាំងនេះ អ្នកអាចត្រូវបង់ពន្ធបន្ថែម។ ប្រសិនបើអ្នកកំពុងធ្វើផែនការបង់ប្រាក់បដិភាគច្រើនជាង 25.000ដុល្លាចូលក្នុងប្រាក់ចូលនិវត្តន៍របស់អ្នក (ដោយរាប់បញ្ចូលទាំងប្រាក់បដិភាគរបស់និយោជកផង) សូមស្វែងរកដំបូន្មានពីអ្នកជំនាញសមស្រប។

    ប្រាក់បដិភាគចូលក្នុងប្រាក់ចូលនិវត្តន៍របស់រដ្ឋាភិបាល

    ប្រសិនបើអ្នកជាអ្នករកបានប្រាក់ចំណូលទាប ឬក៏មធ្យម អ្នកអាចមានសិទ្ធិទទួលបានប្រាក់បដិភាគចូលក្នុងប្រាក់ចូលនិវត្តន៍ពីរដ្ឋាភិបាលអូស្ត្រាលី។

    បន្ថែមពីនេះ សូមចូលអាន៖

    តើខ្ញុំបើកប្រាក់បំណាច់ចូលនិវត្តន៍ដោយរបៀបណា?

    ជាទូទៅ អ្នកអាចទទួលបាននូវប្រាក់ចូលនិវត្តន៍របស់អ្នកនៅពេលអ្នកចូលនិវត្ត។ ទោះជាយ៉ាងណាក្តី មានកាលៈទេសៈមួយចំនួនដែលអ្នកអាចបើកប្រាក់សន្សំចូលនិវត្តន៍មុន ដូចជាភាពលំបាកវេទនាយ៉ាងខ្លាំងខាងហិរញ្ញវត្ថុ និងជំងឺជាក់លាក់មួយចំនួន។

    ប្រសិនបើអ្នកត្រូវការប្រាក់ចូលនិវត្តន៍ដែលអ្នកបានសន្សំមួយចំនួនមុន ដោយត្រឹមត្រូវតាមច្បាប់ សូមសួរក្រុមហ៊ុនគ្រប់គ្រងប្រាក់ចូលនិវត្តន៍អំពីថាតើអ្នកអាចបើកប្រាក់ចូលនិវត្តន៍បានឬទេ មុនពេលដាក់ពាក្យ។

    ជនតាំងលំនៅបណ្តោះអាសន្នដែលចាកចេញពីប្រទេសអូស្ត្រាលី

    ប្រសិនបើអ្នកជាជនតាំងលំនៅបណ្តោះអាសន្នដែលធ្វើការនៅប្រទេសអូស្ត្រាលី ហើយអ្នកមានសិទ្ធិទទួលបានប្រាក់ចូលនិវត្តន៍ និយោជករបស់អ្នកត្រូវបង់ប្រាក់បដិភាគដែលត្រូវបានធានាដោយច្បាប់ដល់អ្នក។ អ្នកអាចបើកប្រាក់ចូលនិវត្តន៍របស់អ្នកបាន នៅពេលអ្នកបានចាកចេញពីប្រទេសអូស្ត្រាលី។ គេហៅការបង់ប្រាក់នេះថាជាការបង់ប្រាក់ចូលនិវត្តន៍ពេលចាកចេញពីប្រទេសអូស្ត្រាលី (DASP)។

    ពលរដ្ឋណូវ៉ែលហ្សឺឡង់ និងជនតាំងលំនៅអចិន្ត្រៃយ៍នៅប្រទេសអូស្ត្រាលីមិនមានសិទ្ធិបើកប្រាក់នេះទេ។

    ដើម្បីឲ្យដឹងថាអ្នកមានសិទ្ធិទទួល ហើយដើម្បីដាក់ពាក្យសុំប្រាក់ចូលនិវត្តន៍ពេលចាកចេញពីប្រទេសអូស្ត្រាលី (DASP) តាមអនឡាញ ឬក៏ទាញយកទម្រង់ពាក្យសុំជាក្រដាស សូមចូលមើល ato.gov.au/departaustralia

    ប្រាក់ចូលនិវត្តន៍ពីបរទេស

    ប្រសិនបើអ្នកកំពុងនាំយកប្រាក់ផ្ទាល់ខ្លួនរបស់អ្នក ឬប្រាក់ចូលនិវត្តន៍ពីបរទេស អាចមានបទបញ្ញត្តិពន្ធដារពិសេសដែលអ្នកត្រូវការដឹង។ សូមនិយាយជាមួយអ្នកផ្តល់ប្រឹក្សាហិរញ្ញវត្ថុ ឬក៏ភ្នាក់ងារអន្តោប្រវេសន៍។

    សម្រាប់ព័ត៌មានបន្ថែម

    ប្រសិនបើអ្នកចង់ដឹងបន្ថែមអំពីប្រាក់ចូលនិវត្តន៍ សូមចូលមើល ato.gov.au/super ឬក៏ហៅទូរស័ព្ទមកយើងតាមលេខ13 10 20

    ប្រសិនបើអ្នកនិយាយភាសាអង់គ្លេសមិនបានល្អទេ ហើយចង់និយាយជាមួយមន្ត្រីពន្ធដារ សូមហៅទូរស័ព្ទទៅសេវាបកប្រែតាមលេខ 13 14 50 ដើម្បីសុំជំនួយនៅក្នុងការសន្ទនាតាមទូរស័ព្ទរបស់អ្នក។

      Last modified: 06 Apr 2020QC 45083